(មេនឆេស្ទើ)៖ លោក Vincent Kompany បាននិយាយថា រូបលោកត្រូវតែអភិវឌ្ឍន៍សមត្ថភាពដឹកនាំឲ្យក្លាយជាគ្រូបង្វឹកល្អបំផុតមួយរូប មុនពេលពិចារណាអនាគតធ្វើជាគ្រូក្លិបមេឃខៀវ Manchester City នៅថ្ងៃអនាគតនោះ។

អតីតប្រធានក្រុម Man City ខាងលើនេះ បានកំពុងបង្ហាញសមត្ថភាព តាមរយៈដឹកនាំក្លិប Burnley ជិតវិលមកកាន់ Premier League វិញ ស្របពេលលោក Pep Guardiola គ្រូបង្វឹកមេឃខៀវបច្ចុប្បន្នធ្លាប់បានលើកឡើងនាពេលថ្មីៗនេះដែរថា Kompany នឹងក្លាយជាអ្នកចាត់ការទូទៅក្លិបនេះនៅថ្ងៃណាមួយមិនខាន។

លោក Kompany បានថ្លែងប្រាប់ BBC ថា «ខ្ញុំគិតថា Man City កន្លងមកតែងតែមានគ្រូបង្វឹកល្អបំផុតលើលោកដឹកនាំ នោះមិនមែនខ្ញុំទេ។ បច្ចុប្បន្នខ្ញុំផ្តោតតែការងារនៅ Burnley ឲ្យបានល្អ ក៏ព្រោះតែមានវាពុំទាន់ដល់ពេលខ្ញុំនោះទេ ត្រូវគិតរឿងការងារនៅ Man City»

លោក Kompany នឹងវិលមកកីឡដ្ឋាន Etihad ជាលើកដំបូងក្នុងនាមជាអ្នកចាត់ការទូទៅនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅពេលក្រុម Burnley ដែលនៅកំពូលតារាង Championship នោះ ត្រូវប៉ះ Man City នៃវគ្គ ៨ក្រុមចុងក្រោយនៃពាន FA Cup។

រូបគេធ្លាប់ឈ្នះពាន Premier League បាន ៤ដងកាលនៅជាកីឡាកររបស់ Man City ក្នុងរយៈពេលជាង ១ទសវត្សរ៍តាំងពីឆ្នាំ២០០៨ មក បានកំពុងដឹកនាំ Burnley នាំមុខកំពូលតារាង Championship ដាច់ ១០ពិន្ទុពីក្រុមលេខ២ Sheffield United ដោយនៅសល់ ១១ប្រកួតទៀត មុនបិទរដូវកាលនេះ៕