(បាសេឡូណា)៖ ក្លិបបាល់ទាត់អាជីព FC Barcelona ប្រឈមទៅនឹងបណ្តឹងពុករលួយ ករណីចំណាយលុយលើលោក Jose Maria Enriquez Negreira ដែលជាអតីតប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញនាពេលកន្លងមក។
ករណីនេះវាត្រូវបានបែកធ្លាយកាលពីខែមុន ដែល Barca បានផ្តល់លុយដែលត្រូវបានគេរាយការណ៍ថា មានចំនួន ៨.៤លានអឺរ៉ូ នៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០១៨។
ក្នុងបណ្តឹងដែលតុលាការប្រចាំទីក្រុង Barcelona បានទទួលបានកាលពីថ្ងៃសុក្រម្សិលមិញ គឺថា Barca និងអតីតមន្រ្តីក្លិបនេះជាច្រើន រួមទាំងលោក Negreira មានការជាប់ពាក់ព័ន្ធករណីពុករលួយនេះ ដែលធ្វើឲ្យបាត់បង់ទំនុកចិត្ត តាមរយៈបំភ័ន្តឯកសារក្លែងក្លាយ។
បណ្តឹងទាំងនេះ គឺត្រូវបានរៀបចំប្តឹងដោយមន្រ្តីរដ្ឋអាជ្ញាសាធារណៈក្លិប FC Barcelona តែម្តង ដ្បិតកាលនោះ ក្លិបអ្នកមានបុណ្យមួយនេះ បានស្ថិតក្រោមការដឹកនាំរបស់ប្រធាន លោក Josep Maria Bartomeu និងលោក Sandro Rosel។
កាលខែមុន លោក Javier Tebas ប្រធានប្រតិបត្តិក្របខណ្ឌ La Liga ធ្លាប់បានថ្លែងថា លោក Joan Laporta ប្រធានក្លិប Barcelona បច្ចុប្បន្នគួរតែលាលែងពីតំណែងទៅ ប្រសិនបើពុំអាចបកស្រាយករណីចំណាយនេះបាន នៅពេលលោក Laporta បានឆ្លើយតបថា នឹងមិនលើកលែងឲ្យ Tebas ឡើយ ដោយបញ្ជាក់ថា «ក្លិបពុំដែលចំណាយលុយទិញអាជ្ញាកណ្តាលណាម្នាក់ឡើយ ពោលគឺពុំធ្លាប់ទាល់តែសោះតែម្តង»៕