(ភ្នំពេញ)៖ ម៉ាកយីហោលំដាប់ពិភពលោក BOSS បានរៀបចំការប្រកួតកីឡាវាយកូនហ្គោលផ្ទាល់របស់ខ្លួន ប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួមប្រកួតចម្រុះជាតិសាសន៍ដូចជា៖ កម្ពុជា ចិន និងកូរ៉េ កាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។

ការរៀបចំការប្រកួតកីឡាវាយកូនហ្គោលរបស់ BOSS ក៏មានបំណងដើម្បីលើកស្ទួយ និងផ្សព្វផ្សាយវិស័យកីឡាវាយកូនហ្គោលនៅប្រទេសកម្ពុជា ឲ្យកាន់តែមានភាពទូលំទូលាយ ព្រមទាំងដើម្បីអបអរ ការដាក់បញ្ចូលកីឡាវាយកូនហ្គោលជាវិញ្ញាសារក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។

នេះជាលើកដំបូងហើយ ដែលម៉ាកយីហោដ៏ល្បីល្បាញនេះ បានរៀបចំការប្រកួតកីឡាវាយកូនហ្គោល ដែលជាប្រភេទការប្រកួតសរុប ១៨ឡូ ប្រព្រឹត្តឡើងនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត ដែលជាទីលានវាយកូនហ្គោលប្រណីត និងជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ការប្រកួតទ្រង់ទ្រាយធំ ដោយមានអ្នកចូលរួមសរុបចំនួន៥២រូប ដែលស្មើនឹង២៦ក្រុម ដែលក្នុងនោះ ក៏មានវត្តមាន របស់កីឡាករកិត្តិយសលោក នីក ថេឡរ ផងដែរ។

ពានរង្វាន់ត្រូវបានផ្តល់ជូនដោយផ្ទាល់ដល់អ្នកឈ្នះទាំង៦ក្រុម ពីលោកស្រី សុផាត លក្ខណា ដែលជាជំនួយការប្រធានម៉ាកយីហោរបស់ BOSS ដែលបានជ័យលាភីត្រូវបានបែងចែកជា ២ ប្រភេទគឺ ពិន្ទុ Gross និង ពិន្ទុ Net ដែលរួមមាន៖
ក្រុមអ្នកឈ្នះ Net Score
* ក្រុមទី ១ លោក Baik Dongbeen និង លោក Baik Junghoon
* ក្រុមទី ២ លោក Pay Sam(ផាយ សេម) និង លោក Phal Des (ផល ឌេស)
* ក្រុមទី ៣ លោក Jackey Tang និង លោក Hay Ngoun។

ក្រុមអ្នកឈ្នះ Gross Score
* ក្រុមទី ១ លោក Ea Seng Sear (អៀ សេងសៀ) និង លោក Lav Heng (លីវ ហេង)
* ក្រុមទី ២ លោក Eang Sophallet (អ៊ាង សុផាល្លែត) និងលោក Chioung Phalla (ជឹង ផល្លា)
* ក្រុមទី ៣ លោក Kharl Lee Thean (ខាល លី ធាន) និងលោក Thor Chetta (ធរ ចិត្តា)

មុនពេលប្រគល់ពានរង្វាន់ ក៏ដូចជាកាដូរអនុស្សាវរីយ៍ដល់ម្ចាស់ជ័យលាភី BOSS ក៏បានរៀបចំកម្មវិធីអាហារពេលល្ងាច ប្រកបដោយភាពសប្បាយរីករាយ ដល់អ្នកចូលរួមទាំងអស់ ជាមួយនឹងការសម្តែងពីតារាចម្រៀង លោក វណ្ណ ថាន និង កញ្ញា ស៊ីរីកា ដែលញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពកាន់តែពិសេសថែមមួយកម្រិតទៀត។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតកីឡាវាយកូនហ្គោលនេះ ក៏ជាឱកាសសម្រាប់ម៉ាកយីហោ BOSS ក្នុងការប្រកាសជាផ្លូវការ នូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន តាមរយៈការប្តូរឈ្មោះពី HUGO BOSS ទៅជាម៉ាកយីហោចំនួន ២ ដាច់ដោយឡែកពីគ្នាដែលជា HUGO និង BOSS ដែលនឹងនាំមកនូវបទពិសោធន៍កាន់តែថ្មី ជាមួយនឹងការរចនា និងការនាំចូលសម្លៀកបំពាក់ ដែលមានលក្ខណៈប្លែកជាងមុន ដើម្បីបំពេញតម្រូវការរបស់អតិថិជនសម័យថ្មី។

កាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ BOSS បានដាក់បង្ហាញពីចក្ខុវិស័យថ្មីសន្លាងដំបូងគេបង្អស់ ដែលមាន BOSS Black និង BOSS Green ដែល BOSS Black ផ្តោតទៅលើសម្លៀកបំពាក់ប្រណីត និងទាន់សម័យ ហើយ BOSS Green នឹងផ្តល់ជូនសម្លៀកបំពាក់លេងកីឡា ដែលមានការរចនាពិសេស ដើម្បីធានាឲ្យបាននូវផាសុកភាព និងភាពស៊ីវិល័យដែលមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។

នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ កុំភ្លេចតាមដានទាំងអស់គ្នាថាតើ BOSS និង HUGO នឹងមានអ្វីប្លែកនិងពិសេសជូនលោកអ្នកបន្ទាប់ទៀត៕