(ប៉ារីស)៖ ក្លិប ​Paris Saint-Germain នឹងដាក់ពាក្យចូលរួមដេញថ្លៃ ដើម្បីទិញយកកីឡដ្ឋាន Stade de France, នេះបើតាមការអះអាងពីអ្នកនាំពាក្យក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Live Score នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

​ក្លិបម្ចាស់ពានរង្វាន់ជើង​ឯក Ligue 1 នេះ បានលើកឡើងថា ពួកគេនឹងស្វែងរកជម្រើសជំនួស សម្រាប់ជាកីឡដ្ឋានផ្ទាល់របស់ពួកគេ នៅខែមករាខាងមុខ បន្ទាប់ពីអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo​ បានលើកឡើងថា កីឡដ្ឋាន Parc des Princes ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាក្រុងប៉ារីសនោះ មិនលក់នោះទេ។

អ្នកនាំពាក្យមួយរូប របស់ក្លិប បានប្រាប់សារព័ត៌មាន AFP ថា "យើនជាបេក្ខជន" ដើម្បីទិញយកកីឡដ្ឋាន Stade de France ដែលជាកីឡដ្ឋានរបស់ក្រុមជម្រើសជាតិបារាំង ចាប់តាំងពីបើកដំណើរការ ក្នុងឆ្នាំ១៩៩៨។

ក្រុមហ៊ុនសម្ព័ន្ធបារាំង Vinci និង Bouygues បានកាន់កាប់ការជួលកីឡដ្ឋាន Stade de France ដែលមានកៅអីចំនួន៨០,០០០នេះ, ជាមួយនឹងការទិញយកទៅគ្រប់គ្រង គ្រោងនឹងធ្វើឡើងបន្ទាប់ពីឆ្នាំ២០២៥៕