(ភ្នំពេញ)៖ នៅសល់រយៈពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងបញ្ចប់ការបោះជំរំហ្វឹកហាត់លើកទី១ នៅកោះសាម៉ុយ ប្រទេសថៃ មុនចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Merlion Cup 20223 នៅប្រទេសសិង្ហបុរីនាចុងខែមីនានេះ ដែលមាន ៤ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះសិង្ហបុរី កម្ពុជា ម៉ាឡេស៊ី និងហុងកុង ។

ជាមួយការបោះជំរំហ្វឹកហាត់ និងត្រៀមការប្រកួតក្នុងតំបន់ខាងលើ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានទម្លាយពីមូលហេតុមួយ ស្របនឹងការចង់ដឹងរបស់មហាជន ថាតើហេតុអ្វី បានជាសហព័ន្ធ មិនបញ្ជូនក្រុម U22 កម្ពុជា ទៅហ្វឹកហាត់ ឬប្រកួតនៅក្រៅតំបន់ ដូចជានៅតំបន់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ?

ប្រធានសហព័ន្ធខាងលើ បានបង្ហើបថា តាមគម្រោងសហព័ន្ធចង់បញ្ជូនក្រុមជម្រើសជាតិ U22 កម្ពុជា ទៅប្រកួតខាងក្រៅឲ្យបានច្រើន ទាំងនៅវៀតណាម ថៃ ក៏ដូចចាបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុបមួយចំនួន ដើម្បីសម្រួចសមត្ថភាពកីឡាករកម្ពុជាត្រៀមស៊ីហ្គេម ។ ប៉ុន្ដែជាអកុសល ដោយសារកម្មវិធីនៅបណ្ដាប្រទេសទាំងអស់នោះចង្អៀត ក៏ដូចជាយោងទៅលើលក្ខខណ្ឌបច្ចេកទេសផង ទើបធ្វើឲ្យគម្រោងនេះ ត្រូវខកខាន ។

លោកនាយឧត្តមសេនីយ៍បន្ដថា «តាមផែនការ គឺខ្ញុំចង់បញ្ជូនក្រុមបាល់ទាត់របស់យើង ទៅលេងខាងក្រៅស្រុកឲ្យបានច្រើន ។ យើងបានត្រៀមហើយ តែដោយសារបណ្ដាប្រទេសទាំងអស់នោះ មិនអាចរៀបចំព្រឹត្តិការណ៍នេះបាន ។ អ៊ីចឹងមុនការប្រកួតផ្លូវការ យើងបានរៀបចំ មានន័យថា ពង្រឹងសមត្ថភាពនៅថៃ ហើយយើងនឹងធ្វើការហ្វឹកហាត់ និងរៀបចំការប្រកួត ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសនៃការលេងរបស់យើង»

«ការគិតរបស់យើង គឺយើងចង់ធ្វើឲ្យវាបានខ្លាំងជាងហ្នឹង លេងជាមួយក្រុមខ្លាំង ដើម្បីយើងខ្លាំង ។ ប៉ុន្ដែលក្ខណៈបច្ចេកទេស គ្រូគេឲ្យយោបល់មកយើងវិញ បើយើងបញ្ចូនកីឡាករទៅលេងនៅអឺរ៉ុប ក៏អត់មានលទ្ធផលដែរ ព្រោះទី១-ធាតុអាកាសខុសគ្នា ទី២-ការដែលយើងទៅលេងនៅអឺរ៉ុប របៀបលេងរបស់កីឡាកយើង និងរបៀបលេងនៅអឺរ៉ុបអត់ដូចគ្នាទេ ។ អ៊ីចឹងបើយើងទៅ ជួនកាលទៅចាយតែលុយ តែគុណភាពអត់មានទេ» ។ លោក សៅ សុខា បន្ថែម ។

គួរដឹងថា ក្រុម U22 កម្ពុជា បានចេញទៅបោះជំរំហ្វឹកហាត់នៅកោះសាម៉ុយ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ រហូតដល់ថ្ងៃទី១៥ ខែមីនាសប្ដាហ៍ក្រោយ ។ បន្ទាប់មកក្រុមគោព្រៃជំទង់នេះ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ Merlion Cup 2023 នៅសិង្ហបុរី ពីថ្ងៃទី២៤-២៦ ខែមីនាខាងមុខ ដោយកម្ពុជា បានចាប់ឆ្នោតជួបម៉ាឡេស៊ី ក្នុងវគ្គខ្វែង ។ ក្រោយចប់ការប្រកួតនេះ ក្រុម U22 គ្រោងនឹងត្រឡប់ទៅបោះជំរំហ្វឹកហាត់នៅថៃម្ដងទៀត មុនការប្រកួតស៊ីហ្គេមមកដល់នាចុងខែមេសាខាងមុខ ៕