(ភ្នំពេញ)៖ ស្ថិរភាពពិតជាដើរតួរយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជាដែលមិនអាចខ្វះបាន ដោយសារតែមានសុខ សន្តិភាពពាសពេញផ្ទៃប្រទេសនេះហើយទើបធ្វើឱ្យអ្នកធុរៈកិច្ច វិនិយោគគិនជាតិ និងអន្តរជាតិបានបោះទុនវិនិយោគ និងបង្កើតក្រុមហ៊ុន ក៏ដូចជាប្រកបអាជីវកម្មតាមជំនាញលើគ្រប់វិស័យ ។

ក្នុងនោះដែរ យើងឃើញថាមានសកម្មភាពអាជីវកម្មមួយមានភាពរីកដុះដាលផងដែរ នោះគឺសកម្មភាពនៃអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ។ ចំពោះអាជីវកម្មប្រភេទនេះបានបង្កលក្ខណៈងាយស្រួលដល់អ្នកដែលមានតម្រូវការប្រាក់ដើម្បីប្រើប្រាស់ជាបន្ទាន់ ឬរយៈពេលខ្លី ។

តើអាជីវកម្មប្រភេទនេះមានទម្រង់ដូចម្ដេច? ហើយអាជីវកម្មបែបនេះត្រូវដំណើរការបានបែបណា?

ដូច្នេះទើបសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ។

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០៣០ សហវ.ប្រក បានកំណត់អំពីប្រភេទនៃអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានជា ០៣ ប្រភេទរួមមាន៖ អាជីវកម្មខ្នាតតូច, អាជីវកម្មខ្នាតមធ្យម និងអាជីវកម្មខ្នាតធំដើម្បីអាចទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតគតិយុត្ត ក្នុងការប្រកបអាជីវកម្មបញ្ចាំ ឬនិងប្រាតិភោគដោយអនុប្បទានតម្រូវឱ្យក្រុមហ៊ុន/សហគ្រាស បំពេញនូវលក្ខខណ្ឌមួយចំនួន៖ (១) ជានីតិបុគ្គលសញ្ជាតិខ្មែរ និងបានចុះបញ្ចីពាណិជ្ជកម្មស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា (២) ត្រូវមានដើមទុនប្រកបអាជីវកម្មដូចកំណត់ខាងក្រោម (៣) ត្រូវតម្កល់ប្រាក់ធានាអាជីវកម្ម ១០% នៃអាជីវកម្ម (៤) អ្នកកាន់អាជ្ញាប័ណ្ណត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនបត្រផ្សេងទៀតដែលទាក់ទងនឹងអាជីវកម្ម ។

ក្រោយពីមានការពិនិត្យ និងសម្រេចការឯកភាពចំពោះពាក្យស្នើសុំរួចរាល់ ដើមទុនសម្រាប់ការដំណើរការអាជីវកម្មបញ្ចាំ ឬនិង ប្រាតិភោគដោយអនុប្បទានត្រូវបានបែងចែកជា ០៤ ផ្នែកផ្សេងគ្នា គឺអាជីវកម្មបញ្ចាំខ្នាតតូចត្រូវមានដើមទុនចាប់ពី ២០ លានរៀល ដល់ ៤០ លានរៀល , អាជីវកម្មខ្នាតមធ្យម ត្រូវមានដើមទុនលើសពី ៤០ លានរៀល ដល់ ២០០ លានរៀល , អាជីវកម្មខ្នាតធំ (កម្រិត១) ត្រូវមានដើមទុនលើសពី ២០០ លានរៀល ដល់ ៨០០ លានរៀល និងអាជីវកម្មខ្នាតធំ (កម្រិត២) ត្រូវមានដើមទុនលើសពី ៨០០ លានរៀលឡើងទៅ ។ បន្ទាប់ពីអាចកំណត់អំពីខ្នាតនៃប្រភេទអាជីវកម្មរួច ម្ចាស់អាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន តម្រូវឱ្យតម្កល់ប្រាក់ធានាអាជីវកម្មទៅតាមខ្នាតអាជីវកម្មរបស់ខ្លួនដែល៖ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ខ្នាតតូច ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ១០% នៃដើមទុនទៅក្នុងគណនីទោលរបស់សាខារតនាគារជាតិ តាមដីកាអមរបស់មន្ទីរសាមីនោះ, អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ខ្នាតមធ្យម និងខ្នាតធំ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន ១០% នៃដើមទុនទៅក្នុងគណនីទោលរបស់សាខារតនាគារជាតិ តាមដីកាអមរបស់នាយកដ្ឋាន ។

ប្រាក់តម្កល់ធានាអាជីវកម្មនេះ អាចដកវិញបានក្រោយពេល អាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន បានបញ្ឈប់សកម្មភាពអាជីវកម្មស្ថាពរ ។ ម្ចាស់អាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន អាចកំណត់អំពីចំនួនអត្រាការប្រាក់តាមការព្រមព្រៀងគ្នាបាន ប៉ុន្តែត្រូវអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់ដែលនៅជាធរមាន ហើយរាល់កិច្ចសន្យាដែលបានព្រមព្រៀងនេះមានសុពលភាពយ៉ាងយូរត្រឹម ០៤ ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃនៃការដាក់បញ្ចាំ ឬដាក់ទ្រព្យប្រាតិភោគដោយអនុប្បទាន ដែលអាចបន្តសុពលភាពសាជាថ្មីបាន ។ ម្ចាស់អាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន ពុំមានសិទ្ធិលក់ ផ្ទេរ ប្រើប្រាស់ ឬប្រគល់សិទ្ធិកាន់កាប់ទ្រព្យបញ្ចាំ ឬទ្រព្យប្រាតិភោគដោយអនុប្បទាន ឱ្យទៅបុគ្គលផ្សេងទៀតក្នុងអំឡុងពេលដែលទ្រព្យបញ្ចាំ ឬទ្រព្យ ប្រាតិភោគដោយអនុប្បទាន ដែលកំពុងជាប់កិច្ចសន្យានោះទេ ។

ប្រសិនបើអ្នកដាក់បញ្ចាំ ឬអ្នកដាក់ប្រាតិភោគដោយអនុប្បទាន បានសងប្រាក់កម្ចី និងការប្រាក់គ្រប់ចំនួនដូចមានចែងក្នុងកិច្ចសន្យា នោះអាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន ត្រូវប្រគល់ទ្រព្យបញ្ចាំ ឬទ្រព្យប្រាតិភោគដោយអនុប្បទានទៅឱ្យអ្នកបញ្ចាំ ឬអ្នកដាក់ប្រាតិភោគដោយអនុប្បទានវិញភ្លាម ។ ក្នុងករណីអ្នកបញ្ចាំ ឬអ្នកដាក់ប្រាតិភោគដោយអនុប្បទានពុំមានលទ្ធភាពសងប្រាក់កម្ចី និងការប្រាក់ដែលបានកំណត់ នៅពេលដែលដល់ពេលកំណត់សង ការចាត់ចែងលើទ្រព្យបញ្ចាំ ឬទ្រព្យប្រាតិភោគដោយអនុប្បទាន៖
*(១) សម្រាប់អាជីវកម្មទទួលបញ្ចាំ ត្រូវចាត់ចែងអនុលោមតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

*(២) សម្រាប់អាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ត្រូវចាត់ចែងតាមលទ្ធភាពជាក់ស្តែង ឬនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ អាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន បញ្ចាំ ឬនិងប្រាតិភោគដោយអនុប្បទាន មានកាតព្វកិច្ចផ្តល់របាយការណ៍អាជីវកម្មប្រចាំខែ មិនឱ្យលើសពីថ្ងៃទី១៥ នៃខែបន្ទាប់ និងរបាយការណ៍អាជីវកម្មប្រចាំឆ្នាំ មិនឱ្យលើសពីត្រីមាសទី១ នៃឆ្នាំបន្ទាប់ ។

ចំពោះអាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន ដែលបានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិដែលផ្ទុយពីការកំណត់របស់ប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយ អនុប្បទាន នោះនឹងមានការពិន័យដោយ ០៣ ដំណាក់កាល៖

*(១) ដំណាក់កាលទណ្ឌកម្មរដ្ឋបាល គឺមានការប្រមានជា លាយលក្ខណ៍អក្សរ, ការហាមឃាត់ធ្វើអាជីវកម្ម ឬសកម្មភាពមួយចំនួន, ការព្យួរអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មបណ្តោះអាសន្នពី ០៦ខែ ទៅ ០១ឆ្នាំ, ដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម

*(២) ការពិន័យអន្តរការណ៍ចាប់ពី ១,០០០,០០០ រៀល ដល់ ១០,០០០,០០០ រៀល ចំពោះសកម្មភាពអាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន ដែលបានប្រព្រឹត្តផ្ទុយ ឬមានការយឺតយ៉ាវក្នុងការផ្តល់ជូននូវរបាយការណ៍ជាដើម

*(៣) ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌប្រសិនបើ ម្ចាស់អាជីវកម្ម/សហគ្រាស/ក្រុមហ៊ុន បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬប្រព្រឹត្តបទល្មើសហិរញ្ញវត្ថុ ឬអំពើមិនស្របច្បាប់ណាមួយដែលមានភស្តុតាងច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ច ។

សរុបជារួមមក មុននឹងឈានដល់ការប្រកបអាជីវកម្មអ្វីមួយ អ្នកដែលមានបំណងចង់ប្រកបអាជីវកម្មនោះ ដាច់ខាតត្រូវតែគោរពតាមលក្ខខណ្ឌដែលច្បាប់នៃអាជីវកម្មនោះបានកំណត់ ឬតម្រូវឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ។  រីឯសកម្មភាពអាជីវកម្មនោះទៀតសោត ម្ចាស់អាជីវកម្មក៏ត្រូវតែគោរពទៅតាមគោលការណ៍សុច្ចរិត និងស្របច្បាប់ផងដែរ ចៀសវាងមានអំពើល្មើសច្បាប់ណាមួយដែលកើតឡើងក្នុងអំឡុងពេលដែលមានការអនុញ្ញាតប្រកបអាជីវកម្ម ដែលនាំឱ្យបាត់បង់ទាំងធនធាន ពេលវេលា និងកិត្តិយសផងដែរ ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected], គេហទំព័រ៖www.ciclf.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕