(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ខេមបូឌាលីគខាប់ ឆ្នាំ២០២៣ ប្រចាំសប្តាហ៍ទី៥ ត្រូវបានបញ្ចប់ ដោយក្រុមភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុបន្ថែម និងបានឡើងទៅឈរនៅលេខរៀងទី១ វិញ បន្ទាប់ពីយកឈ្នះ ក្រុមម្ចាស់ផ្ទះណាហ្គា ក្នុងលទ្ធផល ២-១។
ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរក្នុងតង់ទី១ ឃើញថា ក្រុមម្ចាស់ផ្ទះណាហ្គា បាននាំមុខមុន ១គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ CRISTIAN ពាក់លេខ២៣ នៅនាទីទី២៣។ ឈានចូលដល់តង់ទី២ ក្រុមភ្ញៀវភ្នំពេញក្រោន បានវាយបកតាមស្មើនិងនាំមុខវិញ ២គ្រាប់ ដោយកីឡាករ NIETO RONDON ពាក់លេខ១០ នៅនាទីទី៥៣ និងនាទី ៧០។
ចំណែកក្រុមភ្នំពេញក្រោន កាលពីសប្តាហទី៤ បានបំបាក់ក្រុមភ្ញៀវអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៨-១ កាលពីថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ភ្នំពេញក្រោន ឆ្លងកាត់ ៤ដងមកនេះមានការលេងឈ្នះទាំង ៤ដង មិនដែលស្គាល់ពាក្យថាចាញ់ម្តងណាឡើយ និងឡើងទៅឈរនៅកំពូលតារាងវិញ រកបាន ១២ពិន្ទុ។
ខណៈដែលក្រុមណាហ្គា កាលសប្តាហ៍ទី៤ បានលេងស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ០ទល់០ កាលពីថ្ងៃសៅរ៍ ទី៤ ខែមីនា កន្លងទៅ។ ណាហ្គា ក្រោយពីបានឆ្លងកាត់ ៥ដងមកនេះ លេងឈ្នះ ៣ប្រកួត, ស្មើ ១ និងចាញ់១ ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ២វិញ និងមាន ១០ពិន្ទុ។
ខាងក្រោមនេះជាលទ្ធផលសរុបការប្រកួតរបស់ក្រុមទាំង១២ រួមមាន៖
ការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ប្រចាំពូលA រួមមាន៖
១៖ អគ្គិសនីកម្ពុជា ១-២ បឹងកេត
២៖ កោះកុង ១-១ ព្រៃវែង
៣៖ សមាគមបាល់ទាត់ ខ.ភ.ម ០-៣ វិសាខា។
ការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ប្រចាំពូលB វិញរួមមាន៖
១៖ នគរបាលជាតិ ១-៥ ព្រះខ័នរាជស្វាយរៀង
២៖ ISI ដង្កោសែនជ័យ ២-៣ សូលទីឡូអង្គរ
៣៖ ណាហ្គា ១-២ ភ្នំពេញក្រោន។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតរបស់ពូល A ក្រុមបាល់ទាត់វិសាខា ក៏បានបន្តឈរលេខ១ ដដែល និងមាន ១២ពិន្ទុ ក្រោយឈ្នះសមាគមបាល់ទាត់ ខ.ភ.ម ៣ទល់នឹង០៕