(ឡុងដ៏)៖ ក្លិបកាំភ្លើងធំ Arsenal ដែលកំពុងស្ថិតក្រោមដឹកនាំដោយលោក Mikel Arteta កំពុងតែខិតកាន់តែជិតក្នុងឈ្នះពាន Premier League ជាថ្មីម្តងទៀតរបស់ពួកគេ បន្ទាប់ពីបន្តរកបានលទ្ធផលឈ្នះ ៣-០ ទៅលើក្រុម Fulham ហើយមាន ៥ពិន្ទុនាំក្រុម Manchester City ជាបណ្តោះអាសន្ន។
Arsenal គិតត្រឹមសប្តាហ៍ទី២៧ រកបាន ៦៦ពិន្ទុឈរកំពូលតារាង ខណៈដែលក្រុមការពារតំណែងជើងឯកមេឃខៀវ Man City រកបាន ៦១ពិន្ទុឈរលេខ២ បន្ទាប់យកឈ្នះក្រុម Crystal Palace ១-០, ក្រុមលោក Arteta បានស៊ុត ៣គ្រាប់យ៉ាងឃោឃៅទៅលើក្រុម Fulham ពីសំណាក់កីឡាករ Gabriel, Martinelli និង Odegaard ត្រឹមការលេងក្នុងវគ្គទី១។
រំលឹកផងថា តាមរយៈលទ្ធផលនេះដែរ ក្រុម Arsenal ដែលជាអតីតម្ចាស់ពានមាសលីគ Premier League ១លើក, និងជាម្ចាស់ពាន ១៣លើកនៃក្របខណ្ឌលីគកំពូលអង់គ្លេស កាន់តែខិតជិតវិលទៅរកការឈ្នះពានរង្វាន់នេះសារជាថ្មីម្តងទៀត ក្រោយធ្វើបានចុងក្រោយនារដូវកាល ២០០៣-០៤ ដោយគិតមកដល់ពេលនេះរង់ចាំប្រមាណ ២០ឆ្នាំមកហើយ។
បញ្ជាក់ផងថា ចំណោម ៣៨ប្រកួត ក្លិប Arsenal បានឆ្លងផុត ២៧ប្រកួតមកហើយ និងនៅសល់តែ ១១ប្រកួតទៀតនោះទេ ដែលជាការប្រកួតកាត់សេចក្តីរកម្ចាស់តំណែងជើងឯកពិតនៃលីគ Premier League 2022-23នេះ។
ជំនួបបន្ទាប់ក្រុមកាំភ្លើងធំ Arsenal ត្រូវប្រជែងស្វែងរក ៣ពិន្ទុបន្ថែមជាមួយក្រុម Crystal Palace ហើយក្រុមដឹកនាំលោក Pep Guardiola ត្រូវប៉ះក្រុម West Ham United នៃការប្រកួតសប្តាហ៍ទី២៨ របស់ពួកគេ៕