(ភ្នំពេញ)៖ លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គង និងគ្រប់គ្រងកម្មវិធីប្រដាល់ទូរទស្សន័បាយ័នថា អ្នកគាំទ្រសម័យតេជោ ចេះមើលប្រដាល់គ្រប់គ្នា បើអាជ្ញាកណ្ដាល-ចៅក្រមដាក់ពិន្ទុខុស គេជេរ គេរិះគន់ហើយ កុំតវ៉ា តែត្រូវកែតម្រូវបំពេញតួនាទីឲ្យបានល្អ តាមរយៈការដាក់ពិន្ទុដោយសុក្រឹត្យ និងយុត្តិធម៌បំផុត ដល់កីឡាករគ្រប់កម្មវិធីប្រកួត ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ ឆ្នាំ២០២៣ ប្រភេទទម្ងន់ ៥៧គីឡូក្រម កាលពីល្ងាចថ្ងៃទី១២ ខែមីនា នៅសង្វៀនបាយ័នស្ទឹងមានជ័យ ។ ការប្រកួតនេះ មានបេក្ខភាពកីឡាករកម្ពុជា ៤រូប ស្ថិតនៅពូល A និងកីឡាករថៃ ៤រូប ស្ថិតនៅពូល B ។

ជាមួយការរៀបចំកម្មវិធីនេះ ត្រូវបានចាត់ទុកជាសញ្ញាណមួយដ៏ល្អ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អនុញ្ញាតឲ្យរៀបចំដោយបើកជំហរ និងមានទស្សនិកជនចូលរួមទស្សនាដោយសេរីឡើងវិញ បន្ទាប់ពីការប្រកួតបិទទ្វារជាង ២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ ក្នុងន័យនេះ លោកបានសំណូមពរសហព័ន្ធ ត្រូវពង្រឹងមន្ដ្រីបច្ចេកទេសរបស់ខ្លួន ត្រូវកាត់សេចក្ដីដោយយុត្ដិធម៌បំផុត ចៀសវាងកុំឲ្យមានការរិះគន់ពីអ្នកគាំទ្រ ។

លោក នាង ស៊ីវុត្ថា បន្ដថា «ខ្ញុំសូមសំណូមពរ(សហព័ន្ធ) ធ្វើយ៉ាងណាគ្រប់គ្រងនូវការដាក់ពិន្ទុរបស់មន្ដ្រីបច្ចេកទេសជុំវិញសង្វៀន គ្រប់កម្មវិធី កុំឲ្យមានការថ្នាំងថ្នាក់ពីបងប្អូនអ្នកគាំទ្រ ព្រោះបងប្អូនសម័យតេជោ ២០២៣ ចេះមើលប្រដាល់គ្រប់គ្នា ។ ដូច្នេះតែដាក់ពិន្ទុខុស គេជេរអត់ខុសទេ ខ្ញុំទទួលស្គាល់... ។ អ៊ីចឹងសូមធ្វើយ៉ាងណាកុំឲ្យមានការជេរទៀត បើគេជេរ យើងទទួល ព្រោះយើងដើរហាលភ្លៀង តែងតែទទឹកហើយ កុំតវ៉ានឹងការជេរ ។ ប៉ុន្ដែខ្ញុំក៏សូមបងប្អូនវិញ រិះគន់ដោយការស្ថាបនា កុំជេរប្រមាថផងដែរ»

សំណូមពរនេះ បានធ្វើឡើងចំពោះមុខលោក និន ភិរម្យ អនុប្រធានសហព័ន្ធ ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បានទទួលយក ហើយក៏បានប្រជុំ និងដាស់តឿនមន្ដ្រីបច្ចេកទេសរបស់ខ្លួនរួចរាល់ ក្នុងការធ្វើយ៉ាង ត្រូវផ្ដល់ពិន្ទុដោយសុក្រឹត្យ និងយុត្ដិធម៌បំផុត សម្រាប់កីឡាករគ្រប់រូប ដើម្បីឲ្យកីឡាករទាំងអស់ ទទួលយកដោយសេចក្ដីរីករាយ ក៏ដូចជាធ្វើឲ្យអ្នកគាំទ្រមានការគាំទ្ររាល់លទ្ធផលការប្រកួតនីមួយៗផងដែរ ។

គួរបញ្ជាក់ថា បេក្ខភាពដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ខាងលើ សម្រាប់កីឡាករកម្ពុជា ឬពូល A រួមមាន៖ កីឡាករ ពេជ្រ ប៊ុនសិទ្ធ, ហុង សុវណ្ណចាន់សុធី, ធន់ ផានិត និងកីឡាករ សេក គឹមសាន្ដ ។ រីឯកីឡាករថៃ ឬពូល B រួមមានកីឡាករ Thalagnern Por-Arwthalabangsare, Lafarm Tor-Pisannuchai, Petchparkphumi Knoungkraingkrai និងកីឡាករ Inssenoy Nicefairtary ។

ចំពោះរូបមន្ដប្រកួត កីឡាករពូល A និងពូល B ត្រូវប្រកួតខ្វែងគ្នា មានន័យថា កីឡាករកម្ពុជាម្នាក់ ត្រូវជួបកីឡាករថៃ ៤រូប ហើយកីឡាករថៃម្នាក់ ត្រូវជួបកីឡាករកម្ពុជា ៤រូប ។ បន្ទាប់មកកីឡាករមានពិន្ទុខ្ពស់ជាងគេ គឺកីឡាករលេខ១ ពូលA ត្រូវជួបលេខ២ ពូល A ខណៈលេខ១ ពូល B ត្រូវជួបលេខ២ ពូល B នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកអ្នកឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលអ្នកចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ និងលេខ៤ ផងដែរ ៕