(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្សអាមេររិក Ford នឹងបើកដំណើរការផលិតរថយន្តម៉ូដែល F-150 Lightning នៅថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីប្រកាសប្រមូលរថយន្តចំនួន ១៨គ្រឿងកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ជុំវិញការផ្អាកខ្សែសង្វាក់ផលិតកម្មនេះគឺ ដោយសារតែបញ្ហាឆេះអាគុយរថយន្ត ដែលត្រូវបានរកឃើញកាលពីដើមខែកុម្ភៈកន្លងទៅនៅលើរថយន្ត F-150 Lightning មួយគ្រឿង ដោយក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។ បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Ford បាននិយាយនៅថ្ងៃសុក្រថា «ដើមហេតុដែលត្រូវបានគេកំណត់អត្តសញ្ញាណនោះគឺ ទាក់ទងទៅនឹងការផលិតអាគុយនៅក្នុងរោងចក្រ SK On ក្នុងរដ្ឋ Georgia ហើយឥលូវនេះក្រុមហ៊ុន កំពុងបន្តការស៊ើបអង្កេត»

ដូច្នេះទើប Ford សម្រេចប្រមូលរថយន្តចំនួន ១៨គ្រឿងដែលផលិតក្នុងរោងចក្រ SK On ត្រឡប់មកវិញដើម្បីពិនិត្យមើលពីបញ្ហា ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា រថយន្តទាំងនោះមានបញ្ហាដូចគ្នាទៅនឹងរថយន្តមុនដែររឺទេ។

គួរបញ្ជាក់ដែរថា នៅថ្ងៃនេះ Ford នឹងបើកដំណើរការផលិតរបស់ខ្លួនឡើងវិញហើយ តែនៅមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ការដាក់លក់វិញនោះទេ តាមរយៈបាយការណ៍ Ford បានអះអាងថា រថយន្តថ្មីៗក្រោយនេះនឹងចេញមកជាមួយនឹង «កញ្ចប់អាគុយរថយន្តថ្មី»