(ភ្នំពេញ)៖ តំណាង TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានប្ដេជ្ញាចូលរួមគាំទ្រ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពល វប្បធម៌ និងទេសចរណ៍ នៅប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្ដាញសង្គមរបស់ខ្លួន ។

នេះបើតាមការបញ្ជាក់របស់លោក Nicholas Pham តំណាងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោយចុះហត្ថលេខាជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) លើភាពជាដៃគូចលនូបត្ថម្ភនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

តំណាង TikTok ខាងលើ បានបញ្ជាក់ថា កាលពីស៊ីហ្គេម នៅវៀតណាម TikTok ក៏បានសហការផ្សព្វផ្សាយផងដែរ ដោយទាក់ទាញអ្នកទស្សនាបានជិត ១០០លាននាក់ ។ ដូច្នេះកិច្ចសហការជាមួយកម្ពុជា លោកបានប្ដេជ្ញា និងមានជំនឿចិត្តយ៉ាងមុតមាំ ដើម្បីបំផុសការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងបច្ចុប្បន្នភាពរបស់កម្ពុជា ទៅកាន់ពិភពលោក ដោយរំពឹងនឹងទទួលបានការគាំទ្រច្រើនជាងនេះថែមទៀត ។

លោក វ៉ា ចំរើន អគ្គលេខាធិការ CAMSOC-CAMAPG បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះ គឺជាផ្នែកមួយ ដើម្បីជំរុញមធ្យោបាយផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងសក្ដានុពល វប្បធម៌ និងទេសចរណ៍ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្ដាញសង្គម TikTok ដែលជាបណ្ដាញសង្គមដ៏មានឥទ្ធិពល ក្នុងស្រទាប់យុវជន និងប្រជាពលរដ្ឋទូទៅ ទាំងចាស់ក្មេង លើពិភពលោក ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម TikTok នេះ ។ TikTok គាត់បានជួយយើងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok របស់គាត់»

«នេះគឺជាអ្វីដែលយើងត្រូវការ ដើម្បីធ្វើឲ្យគុណតម្លៃ នៃស៊ីហ្គេមរបស់យើង មានប្រជាប្រិយភាព និងបានជ្រូតជ្រាបទៅដល់បណ្ដាញប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ។ យើងដឹងហើយថា ការផ្សព្វផ្សាយរបស់យើង មានការផ្សព្វផ្សាយផ្លូវការ តាមទូរទស្សន៍ និងសារព័ត៌មានផ្សេងៗ តែឥទ្ធិពលនៃការផ្សព្វផ្សាយតាមបណ្ដាញសង្គមនេះ ក៏បញ្ជ្រាបបានល្អ និងទូលំទូលាយក្នុងបណ្ដាញសារព័ត៌មានផងដែរ»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា មកទល់ពេលនេះ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅសល់រយៈពេល ៥៣ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើម ខណៈពិធីបើកនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនឈានដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ៕