(បរទេស)៖ តារារ៉េបប្រុស A$AP Rocky ដែលជាមិត្តប្រុសរបស់តារាចម្រៀងល្បី Rihanna ត្រូវគេមើលឃើញថា បានបង្ហាញការគាំទ្រជាសាធារណៈចំពោះមិត្តស្រី Rihanna ប្រកបដោយមោទនភាព នៅពេលដែលតារាស្រីរូបនេះ ឡើងសម្តែងបទ «Lift Me Up» នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscars ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

តារាចម្រៀងវ័យ៣៥ឆ្នាំ Rihanna ដែលកំពុងពពោះកូនទី២ ជាមួយនឹងតារាចម្រៀងរ៉េប A$AP Rocky នោះ បានសម្តែងបទចម្រៀងដែលជាប់ពានរង្វាន់អូស្ការរបស់នាង មានចំណងជើងថា «Lift Me Up» មានក្នុងរឿង «Black Panther: Wakanda Forever»។ អ្វីដែលមហាជនកត់សម្គាល់ គឺនៅពេលដែល Rihanna បញ្ចប់ការសម្តែង មិត្តប្រុសរបស់នាង ឈរអឱបដៃមើល ហើយនៅពេលដែលកាមេរ៉ាតម្រង់ទៅលោក គឺឃើញថា លោកកំពុងមើលទៅមិត្តស្រី ដោយក្តីមោទន និងបញ្ចេញស្នាមញញឹម ដើម្បីអបអរ។

តារា​រ៉េប​រូប​នេះ ត្រូវបានគេដឹងថា តែងតែគាំទ្រ​ជា​សាធារណៈ​ចំពោះ​មិត្ត​ស្រីរបស់ខ្លួន​ជា​យូរ​មក​ហើយ។ Rocky ក៏ត្រូវបានគេមើលឃើញថា នៅចាំគាំទ្រ Rihanna  ជានិច្ច ចំពេលការសម្តែងរបស់នាងនៅឯកម្មវិធី Super Bowl LVII halftime ក្នុងខែកុម្ភៈ ត្បិតគេឃើញលោកកាន់ស្មាតហ្វូនថតមិត្តស្រីពេលនាងច្រៀងនៅលើឆាកដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយពោរពេញដោយភាពរីករាយ៕