(ភ្នំពេញ)៖ មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៨-២០២២) និងផែនការយុទ្ធសាស្ត្រថ្មីរយៈពេល៥ឆ្នាំបន្ត(២០២៣-២០២៧) និងដើម្បីជាការប្រមូលនូវធាតុចូលពីបណ្តាដៃគូរដែលសុទ្ធតែជាអ្នកស្នាដៃ និងមានមុខងារក្នុងជួររដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍបន្ថែមសម្រាប់សកម្មភាពសម្រាប់៥ឆ្នាំបន្ទាប់របស់មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានធ្វើឡើងនៅបន្ទប់ប្រជុំអគារមាស ជាន់ទី១២ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពលោកបណ្ឌិត សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប និងមានការចូលរួមមានពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យ និងតំណាងក្រសួង អប់រំ យុវជន និងកីឡា តំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងមុខងារសាធារណៈ តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានក្រុមហ៊ុនមេធាវីតម្រាច្បាប់ជាច្រើនរូបផងដែរ។

លើកឡើងនាឱកាសនោះលោកបណ្ឌិត សួស សោភា បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយពីការអនុវត្តផែនការ យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំកន្លងមករបស់មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ និងដើម្បីឱ្យមានការជជែកពិភាក្សា ប្រមូលនូវធាតុចូលពីបណ្តាក្រសួង ស្ថាប័ន អ្នកដែលស្នាដៃ និងមុខងារក្នុងជួររដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍបន្ថែមសម្រាបផែនការយុទ្ធសាស្រ្ត ៥ឆ្នាំបន្ត ផងដែរ។

លោកបណ្ឌិត បានបន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំនេះដែរ រាល់ការចូលរួមជាធាតុចូលនៃបណ្តាតំណាងក្រសួង ស្ថាប័នទាំងអស់ ដែលបានលើកនូវចំណុច សំខាន់ៗគឺដើម្បីផ្តល់ជាធាតុចូលសម្រាប់រៀបចំនូវផែនការយុទ្ធសាស្រ្តថ្មី ៥ឆ្នាំបន្ទាប់របស់ មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដើម្បីធ្វើឱ្យសាលកវិទ្យាល័យបានធ្វើការអភិវឌ្ឍខ្លួនបន្ថែមមួយកម្រិតទៀត។

លោកបណ្ឌិត សួស សោភា បានបន្ថែមដែរថា មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានមុំយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ផែនការ ៥ឆ្នាំបន្ទាប់ទៀតរួមមាន៖

* មុំយុទ្ធសាស្ត្រទី១៖ ធ្វើឲ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាព ដែលរួមមាន សកម្មភាពគោលដូចជា ពង្រឹកគុណភាពសិក្សា និងបង្កើនប្រសិទ្ធភាពសេវា, ពង្រឹងគុណភាពបង្រៀន និងការអភិវឌ្ឍធនធានសាស្ត្រាចារ្យ , អភិវឌ្ឍកម្មវិធី និងសម្ភារៈរូបវន្ត, កម្មវិធីទស្សនកិច្ច និងការពង្រឹងសមត្ថភាពបន្ថែម។

* មុំយុទ្ធសាស្ត្រទី២៖ ធ្វើឲ្យការផ្សព្វផ្សាយ ការធ្វើទីផ្សារ និងកិច្ចសហប្រតិបត្តិការបានកាន់តែទូលាយ ដែលមានសកម្មភាពគោលដូចជា លើកកម្ពស់ពង្រីកការបោះពុម្ពផ្សាយ និងពង្រឹងការធ្វើទីផ្សារ, ពង្រីកការផ្សព្វផ្សាយតាមបាយគ្រប់មធ្យោបាយឲ្យមានប្រសិទ្ធភាព, ពង្រីកនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ

* មុំយុទ្ធសាស្ត្រទី៣៖ គឺធ្វើឲ្យមាននូវអភិបាលកិច្ចល្អស្ថាប័ន និងការគ្រប់គ្រងធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព ដែលមានសកម្មភាពគោលដូចជា យន្តការលើកទឹកចិត្ត និងលើកកម្ពស់សីលធម៌ និងសេចក្តីថ្លៃថ្នូរបស់បុគ្គលិក, ជំរុញការចូលរួមនឹងបង្កើនវប្បធម៌ស្រឡាញ់ស្ថាប័ន និងសង្គមជាតិ, បង្កើនការបណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពបុគ្គលិក

* មុំយុទ្ធសាស្រ្តទី៤៖ ធ្វើឲ្យការស្រាវជ្រាវបានលទ្ធផលល្អ ដែលរួមមានសកម្មភាពគោលដូចជា បណ្តុះគំនិតនិងធ្វើឲ្យស្រឡាញ់ការស្រាវជ្រាវ, ជំរុញនិងបង្កើតព្រមទាំងផ្តល់ការគាំទ្រនូវវប្បធម៌ស្រាវជ្រាវ។

លោកបណ្ឌិត សួស សោភា ក៏បានគូសបញ្ជាក់ដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏មានផែនការមេមួយរួចទៅហើយសម្រាប់នៅពេលខាងមុខ ហើយក៏បានដាក់ចេញនូវផែនការផ្សេងៗ ដល់មហាវិទ្យាល័យ ការិយាល័យ ក៏ដូចជាតេប៉ាតឺម៉ង ដើម្បីជ្រើសរើសយកនូវចំណុចសំខាន់ៗរបស់ខ្លួនដើម្បីយកមកអនុវត្តន៍ ក្នុងគោលបំណងដើម្បីពង្រឹងនូវការបណ្តុះបណ្តាលសម្រាប់វិស័យអប់រំ ឱ្យមានការវិវឌ្ឍន៍ខ្ពស់ និងទទួលបាននូវគុណវុឌ្ឍិល្អ និងសមិទ្ធិផលល្អ និងអាចចូលរួមសម្រាប់ការប្រកួតប្រជែងក្នុងវិស័យការងារផងដែរ៕