(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រវិស័យកីឡាវៀតណាមប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមទស្សនា និងគាំទ្រការប្រកួតកីឡាប្រទេសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ ។
ការលើកឡើងនេះ បន្ទាប់ពីលោកបានទទួលព័ត៌មានពីអាជ្ញាធរវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនាមលោកគឺជាអ្នកធ្វើការងារជាមួយភាគីវៀតណាម ទាក់ទងនឹងការកសាងតំបន់ប្រវត្តិសាស្ដ្រតាមព្រំដែន និងត្រៀមបើកច្រកព្រំដែនអន្ដរជាតិ ដែលជាតំបន់ប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ អ្នកដែលមកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ ។ នេះគ្រាន់តែវៀតណាមផង ។ អ៊ីចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក ក៏ដូចជាបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់ត្រូវធ្វើ»។
នេះគឺជាតួរលេខបណ្ដោះអាសន្ន ដែលភាគីវៀតណាមបានផ្ដល់ឲ្យ ខណៈនៅសល់ច្រើនថ្ងៃទៀត លោកជឿជាក់ថា អ្នកគាំទ្រវៀតណាម នឹងមានសន្ទុះកាន់តែច្រើន ដើម្បីមកគាំទ្រកីឡាបាល់ទាត់ និងកីឡាផ្សេងៗរបស់ខ្លួន ក្នុងស៊ីហ្គេមនៅកម្ពុជា ។ ហើយបូករួមទាំងបណ្ដាប្រទេសជិតខាង ដែលអាចធ្វើដំណើរតាមរថយន្ដបាន និងបណ្ដាប្រទេសក្នុងតំបន់ ភ្ញៀវជាតិ-អន្ដរជាតិផ្សេងទៀត លោកជឿជាក់ថា នឹងមានមនុស្សរាប់សែននាក់មកចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។
លោកបន្ថែមថា «ចុះនៅថៃ និងឡាវ ដែលនៅជិតហ្នឹង ហើយអាចធ្វើដំណើរតាមឡានយ៉ាងស្រួល ខ្ញុំគិតថា ក៏មកយ៉ាងតិចរាប់ពាន់នាក់ដែរ ។ អ៊ីចឹងព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺន អាចថា ចូលរាប់សែននាក់ ។ នេះគឺជាកិត្តិយសធំធេង សម្រាប់កម្ពុជា គឺដោយសារកម្ពុជា មានលទ្ធភាពគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ។ បើមានកូវីដ-១៩ រៀបចំការប្រកួតម៉េចកើត? ដោយសារកម្ពុជា មានសន្ដិភាព កម្ពុជាគ្រប់គ្រងបានជំងឺឆ្លងកូវីដ-១៩ កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា» ។
ពាក់ព័ន្ធនឹងការងារទទួលអ្នកគាំទ្រ ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិនេះដែរ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC ក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយ CAMSOC បានអំពាវនាវ និងសហការជាមួយសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ជាច្រើន ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ច ទាំងការធ្វើដំណើរ ស្នាក់នៅ-ហូបចុក និងសន្ដិសុខ-សណ្ដាប់ធ្នាប់ ដល់ប្រតិភូកីឡាដែរ ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជំរុញការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបន្សល់នូវកិត្តិយស និងកេរ្ដិ៍ឈ្មោះដ៏ល្អក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ៕