(បរទេស)៖ ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook គ្រោងបិទមាតិកាព័ត៌មាននៅលើភ្លេតហ្វមរបស់ខ្លួនក្នុងប្រទេសកាណាដា ប្រសិនបើសេចក្តីព្រាងច្បាប់ក្នុងប្រទេសនេះត្រូវបានអនុម័ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ប្រទេសកាណាដាធ្លាប់បានចេញសេចក្តីប្រកាសអំពី ច្បាប់មាតិកាព័ត៌មានអនឡាញ (Online News Act) ឬ សេចក្តីពា្រងច្បាប់ House Of Commons C-18 ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាកាលពីអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅ ដែលបង្ខំឱ្យភ្លេតហ្វមអនឡាញដូចជា Meta និង Alphabet ដែលជាមេធំរបស់ Google ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបង់ប្រាក់ឱ្យបណ្តាញផ្សព្វផ្សាញព័ត៌មានក្នុងស្រុកសម្រាប់មាតិការបស់ពួកគេ។

ជុំវិញការដាក់ចេញនូវសេចក្តីព្រាងច្បាប់មាតិកាអនឡាញនេះគឺដោយសារតែ ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់ប្រទេសកាណាដាបានស្នើសុំរដ្ឋាភិបាលសម្រាប់បទបញ្ញត្តិបន្ថែមដើម្បីរឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាចទទួលបានចំណូលពីការផ្សាយពាណិជ្ជកម្មដែលខាតបង់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានខ្លះ។ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google និង Meta កំពុងតែសម្ងំកើបចំណូលកាន់តែច្រើនពីការផ្សាយពាណិជ្ជកម្ម៕