(ខាធូម)៖ អតីតអ្នកចាំទីរបស់ក្រុមជម្រើសជាតិម៉ារ៉ុក Badou Zaki ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស៊ូដង់ ជាមួយនឹងប្រាក់ខែរបស់លោក ត្រូវបានចំណាយ ដោយសមាគមបាល់ទាត់អារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

លោក Zaki មានវ័យ ៦៣ឆ្នាំ នឹងទទួលបន្ទុកការប្រកួតជម្រុះពានរង្វាន់ប្រចាំតំបន់ African Nations Cup ដែលត្រូវប៉ះក្រុមជម្រើសជាតិហ្គាបុង នៅថ្ងៃទី២៣ និង២៧ ខែមីនាខាងមុខនេះ។

ក្រុមជ្រើសជាតិស៊ូដង់ កំពុងមាន ៣ពិន្ទុ ពីឆ្លងកាត់បាន ២ប្រកួត, ដោយមាន ១ពិន្ទុ តាមពីក្រោយក្រុមគេម៉ូរីតានី និងហ្គាបុង។ ក្រុមកំពូលចំនួន២ នឹងត្រូវជាប់ស្វ័យប្រវត្តិ សម្រាប់ព្រឹត្តិការណ៍ African Nations Cup ដែលនឹងប្រារព្ធឡើងនៅប្រទេសកូឌីវ័រ នៅខែមករា ឆ្នាំ២០២៤។

សមាគមបាល់ទាត់អារ៉ាប៊ីសាអូឌីត នឹងត្រូវចំណាយលើការបើកប្រាក់ខែទៅកាន់លោក Zaki និងប្រាក់ខែជំនួយការរបស់លោក, នេះបើយោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយសហព័ន្ធបាល់ទាត់ស៊ូដង់។

កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុននោះ ក៏រួមបញ្ចូលទាំងមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការសាងសង់អគារសហព័ន្ធបាល់ទាត់ស៊ូដង់ សារឡើងវិញ, ការកែលម្អកីឡដ្ឋានអូឡាំពិក និងហិរញ្ញវត្ថុជំនួយទូទៅ។

អារ៉ាប៊ីសាអូឌីត ក៏នឹងជួយក្នុងការបោះជំរុំហ្វឹកហាត់ក្រៅប្រទេស និងការបណ្តុះបណ្តាលអាជ្ញាកណ្តាល, គ្រូបង្វឹក និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

សូមជម្រាបថា Zaki ធ្លាប់បានធ្វើជាគ្រូបង្វឹកម៉ារ៉ុក និងបានដឹកនាំពួកគេ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ African Nations Cup ក្នុងឆ្នាំ២០០៤ ជាទីកន្លែងដែលពួកគេបានចាញ់ក្រុមទុយនេស៊ី។ ក្រៅពីនោះ លោកក៏ធ្លាប់ដឹកនាំក្លិបលំដាប់ខ្ពស់ ក្នុងប្រទេសរបស់លោកផងដែរ ក្នុងនោះរួមទាំងក្លិប Wydad Casablanca។

ក្នុងអាជីពជាកីឡាករអ្នកចាំទី, លោកបានជួយឲ្យក្រុមជម្រើសជាតិម៉ារ៉ុក ក្លាយជាប្រទេសអាហ្វ្រិកដំបូងគេ ដែលបានឆ្លងផុតការប្រកួតជុំទី១ នៅឯព្រឹត្តិការណ៍ World Cup នៅពេលដែលពួកគេបានយកឈ្នះ លើក្រុមព័រទុយហ្គាល់ និងស្មើជាមួយក្រុមអង់គ្លេស និងប៉ូឡូញ នៅប្រទេសម៉ិកស៊ិក កាលពីឆ្នាំ១៩៨៦៕