(តេហេរ៉ង់)៖ លោក Amir Ghalenoei ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីម្តងទៀត នៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ជាលើកទី២, នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

លោក Ghalenoei ធ្លាប់ជាអតីតខ្សែបម្រើអន្តរជាតិអ៊ីរ៉ង់ និងបច្ចុប្បន្នជាគ្រូបង្គោលរបស់ក្លិបអ៊ីរ៉ង់ Gol Gohar Sirjan ដែលលេងនៅលីគ Persian Gulf Pro League, ត្រូវបានសម្រេចតែងតាំងស្នងតំណែងពីបុរសញ្ជាតិព័រទុយហ្គាល់ Carlos Queiroz ដែលធ្លាប់បានដឹកនាំក្រុមអ៊ីរ៉ង់ ទៅប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

Ghalenoei មានវ័យ ៥៩ឆ្នាំ បានចុះហត្ថលេខា លើកិច្ចសន្យាដែលនឹងដឹកនាំក្រុមអ៊ីរ៉ង់ យ៉ាងហោចណាស់រហូតដល់ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបថា លោក Ghalenoei ធ្លាប់បានបំពេញតួនាទី ជាគ្រូបង្គោលក្រុមជម្រើសជាតិអ៊ីរ៉ង់ ម្តងរួចមកហើយ នៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ដោយធ្លាប់បានដឹកនាំក្រុមអ៊ីរ៉ង់ ឈានដល់វគ្គ ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ AFC Asian Cup 2007 ជាទីកន្លែងដែលពួកគេបានចាញ់ក្រុមកូរ៉េខាងត្បូង៕