(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD Co Ltd បានចេញមុខបដិសេធនឹងរបាយការណ៍ដែលថា ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោករបស់សហរដ្ឋអាមេរិក Tesla កំពុងបញ្ចប់កិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់អាគុយអគ្គិសនីគឺ ជារឿងមិនពិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីកាសែតកូរ៉េ The Korean Economic Daily បានដកស្រង់សំដីពីឧស្សាហកម្មរថយន្តនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា Tesla មិនបានស្នើសុំ BYD ឱ្យផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីបន្ថែមសម្រាប់រថយន្ត Tesla Model 3 របស់ខ្លួនបន្តទៀតនោះទេ ខណៈគេគូសបញ្ជាក់ថា កិច្ចព្រមព្រៀងផ្គត់ផ្គង់រវាងក្រុមហ៊ុនទាំងពីរត្រូវបានផុតកំណត់តាំងពីដើមឆ្នាំ២០២៣ មកម្លេះ។

បន្ទាប់ពីទទួលបានរបាយការណ៍ពីកាសែតកូរ៉េ BYD បានចេញសេចក្តីថ្លែងការណ៍បដិសេធមួយនៅព្រឹកថ្ងៃអង្គារនេះទៅកាន់ Reuters ថា «វាជារឿងមិនពិត មិនសមស្របនឹងស្ថានភាពជាក់ស្តែង»។

គួរបញ្ជាក់ដែរថា BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងប្រទេសចិន ដែលកំពុងទទួលបានការគាំទ្រជាខ្លាំង ជាមួយនឹងលទ្ធដាក់លក់ត្រឹមតែរយៈពេលមួយខែក្នុងអំឡុងខែមីនា ឆ្នាំ២០២២កន្លងទៅក្រុមហ៊ុននេះបញ្ចេញរថយន្តបានរហូតដល់ ១០០,០០០គ្រឿង ដែលជាកំណើនមួយកើនឡើងប្រហែល ៣ ទៅ ៤ដងបើធៀបនឹងបរិមាណលក់ឆ្នាំ២០២១។ បច្ចុប្បន្ននេះ BYD ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីដ៏ធំមួយសម្រាប់ Tesla ផងដែរ ខណៈមិនទាន់មានរបាយការណ៍ផ្សេងទៀតបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះត្រូវបានបញ្ចប់ភាពជាដៃគូរវាងគ្នា និងគ្នានៅឡើយនោះទេ។ ដូច្នេះមានតែរង់ចាំមើលរបាយការណ៍ថ្មីៗបន្តទៀតប៉ុណ្ណោះ៕