(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។

ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានរំលឹកឡើងវិញពីសមិទ្ធិផលរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។

ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយខ្លួន ជាទូរគមនាគមន៍លេខមួយនៅកម្ពុជា ភាពជោគជ័យរបស់ក្រុមហ៊ុន Smart តែងតែផ្តោតសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីបង្កើតជាប្រយោជន៍រួមយូរអង្វែង ដល់ប្រជាជន និងសហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សរភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថលពោរពេញដោយភាពច្នៃប្រឌិត។

* ការវិវត្តពីចំណុចចាប់ផ្តើមយ៉ាងសាមញ្ញ ទៅកាន់កេរ្តិ៍ឈ្មោះល្បីល្បាញ

ក្រុមហ៊ុន Smart Axiata បានចាប់ផ្តើមដំណើរការក្នុងវិស័យទូរគមនាគន៍កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ ២០០៩ ក្រោមឈ្មោះ «Smart Mobile»។ ទោះជាការចាប់ផ្តើមដំបូងមានភាពសាមញ្ញក៏ដោយ បន្តិចម្ដងៗ ក្រុមហ៊ុនកាន់តែមានភាពលេចធ្លោតាមរយៈគោលការណ៍អាជីវកម្មថ្មីៗ និងទំនើប ដែលរួមមានតម្លៃសមរម្យ សេវាកម្មគួរឲ្យទាក់ទាញ និង្តយុទ្ធសាស្រ្តផ្តោតលើអតិថិជន។

នៅដើមឆ្នាំ ២០១៣ ក្រុមហ៊ុន Smart បានធ្វើការរួមបញ្ចូលគ្នាជាមួយ Hello Axiata ហើយបានក្លាយជា «Smart Axiata» ដែលបានប្រែខ្លួនជាប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេទីពីរនៅក្នុងព្រះរាជាណាចក្រ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Smart Axiata ក៏បានក្លាយជាផ្នែកមួយនៃ Axiata Group ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគន៍ធំជាងគេនៅអាស៊ី ដែលមានអតិថិជនជាង ១៥០ លាននាក់នៅទូទាំង ១១ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផងដែរ។

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata Co., Ltd. គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេ ក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៉ិនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង 25 ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រ ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩។

ផលិតផល និងសេវាកម្មរបស់ Smart Axiata តែងតែទទួលបាននូវការគាំទ្រ ជាពិសេសពីសំណាក់យុវវ័យជំនាន់ក្រោយ ដែលនិយមនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនានា។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «Smart តែងតែព្យាយាមក្នុងការអភិវឌ្ឍ និងការបង្កើតថ្មី ដើម្បីផ្តល់ជូននូវគុណតម្លៃពិសេសទៅកាន់អតិថិជន ភ្នាក់ងារលក់រាយ ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធផ្សេងៗ។ យើងរក្សានូវគុណតម្លៃរបស់យើងជាអាជីវកម្មដែលមានទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តដ៏ល្អរបស់យើង សុចរិតភាព និងតម្លាភាពដែលមិនអាចកាត់ថ្លៃបាន»។

លោកក៏បានបន្តទៀតថា «ជាមួយនឹងកម្លាំងចិត្តពីភាពជោគជ័យជាបន្តបន្ទាប់របស់យើង យើងនឹងខិតខំប្រឹងប្រែង បន្តទៀតដើម្បីធានាឲ្យមានការផ្លាស់ប្តូរយូរអង្វែង និងនិរន្តរភាព តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ»

* អាជីវកម្មនាំមុខនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់យុគសម័យឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព

និរន្តរភាព គឺជាគុណតម្លៃស្នូល របស់ក្រុមហ៊ុន Smart។ គោលការណ៍និរន្តភាពរបស់ក្រុមហ៊ុន Smart គឺស្របតាមគោលការណ៍របស់សម្ព័ន្ធក្រុមហ៊ុនេ Axiata Group ដែលផ្អែកលើសសរស្តម្ភចំនួនបួន៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការបណ្តុះបណ្តាលធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោកនិងសង្គម។ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានបោះពុម្ពផ្សាយ នូវរបាយការណ៍និរន្តរភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរបាយការណ៍ដំបូងបង្អស់ ត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៤ ស្របពេលដែលក្រុមហ៊ុន Smart បានមានប្រតិបត្តិការអស់រយៈពេល ៥ ឆ្នាំហើយ ។

របាយការណ៍និរន្តរភាពចុងក្រោយរបស់ក្រុមហ៊ុន Smart Axiata បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Smart បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទឹកប្រាក់សរុប ៤១៦ លានដុល្លារជាតម្លៃបន្ថែមសរុប (GVA) ក្នុងឆ្នាំ 2021។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនក៏បានរួមចំណែកជាទឹកប្រាក់ចំណូលរបស់សរុបខ្លួនជាង ២% សម្រាប់មូលនិធិកាតព្វកិច្ចសេវាសកល (USOF) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្ន និងជាទឹកប្រាក់ចំនួន ១% នៃប្រាក់ចំណូលសរុបសម្រាប់មូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងអក្ខរកម្មឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Ziad Shatara បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានចូលរួមចំណែក កសាងវិស័យសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាំមកនូវគុណតម្លៃល្អឯកសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស»

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Smart តែងតែចូលរួមសម្រាលបន្ទុកប្រជាជនកម្ពុជា នៅក្នុងគ្រាលំបាក។នៅពេលជម្ងឺកូវីដ-១៩បានរីករាតត្បាត ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានផ្សព្វផ្សាយយុទ្ធនាអំពីជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលទៅកាន់អតិថិជនចំនួន ៧ លាននាក់ផងដែរ។ នៅក្នុងពេលដំណាលគ្នាផងដែរ ក៏មានការបង្កើតមូលនិធិ ១លានដុល្លាអាមេរិក ដើម្បីចូលរួមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះជាងគេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានចូលរួមក្នុងការរៀបចំមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដោយផ្តល់នូវស្បៀងអាហារ រួមទាំងធានានូវបណ្តាញសេវាទូរស័ព្ទ ដោយមិនមានភាពរអាក់រអួលផងដែរ។

ក្រុមហ៊ុន Smart បន្តលើកកម្ពស់និរន្តរភាព ក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ គិតត្រឹមដំណាច់ឆ្នាំ 2021 ស្ថានីយ៍មូលដ្ឋានអង់តែន ចំនួន 615 ត្រូវបានដាក់ឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលមានការកើនឡើងចំនួន 223 ស្ថានីយប្រៀបធៀបទៅនឹង ឆ្នាំមុន។ ក្រុមហ៊ុនគ្រោងនឹងកែសម្រួលស្ថានីយ៍មូលដ្ឋានផ្សេងទៀត របស់ខ្លួននៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នាពេលអនាគតផងដែរ។

ក្រុមហ៊ុន Smart ក៏មានក្រុមការងារបៃតង ដែលតែងលើកកំពស់ការសន្សំសំចៃថាមពល និងលើកទឹកចិត្តឲ្យ បុគ្គលិកស្រលាញ់បរិស្ថានផងដែរ។ ការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលស្គាល់ នៅក្នុងការប្រកួតប្រជែងក្នុងការសន្សំសំចៃថាមពលអគ្គិសនី ប្រចាំឆ្នាំ 2022 ដោយទទួលបានពានរង្វាន់ ក្រុមការងារបៃតងល្អជាងគេ។

ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏ផ្តល់នូវការគាំទ្រឈានមុខគេនូវសិល្បតន្រ្តីនិពន្ធឡើងដោយខ្លួនឯង តាមរយៈកម្មវិធី Pleng by Smart ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2019 បន្ទាប់ពីការប្តូរឈ្មោះពី Smart Music ដែលមានគោលបំណងផ្តល់ នូវវេទិកាពិសេសមួយសម្រាប់សិល្បករក្នុងស្រុក។

ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏តែងតែលើកកម្ពស់ការរួបរួមសង្គម និងបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយ ជាពិសេសក្នុងវិស័យកីឡា ដូចដែលបានបង្ហាញតាមរយៈការឧបត្ថម្ភរបស់ខ្លួនកម្មវិធីកីឡាជាតិទាំង ៣ ឆ្នាំបន្តបន្ទាប់គ្នា។
«ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ក្រុមហ៊ុន Smart តាំងចិត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីជួយឲ្យគុណភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុន Smart នឹងបន្តធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធរបស់យើង ដើម្បីផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព» នាយកប្រតិបត្តិក្រុមហ៊ុនបានបន្ថែម៕