(ភ្នំពេញ)៖ អ្នកជំនាញផលិតភាពយន្តល្បីៗ កំពុងអំពាវឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ ចូលរួមឧបត្ថម្ភដល់គំនិតផ្តួចផ្តើម ផ្នែកអប់រំការផលិតភាពយន្ត ដើម្បីគាំទ្រអ្នកនិពន្ធជំនាន់ក្រោយ ក្នុងតំបន់ទន្លេមេគង្គ ដើម្បីជួយផ្សព្វផ្សាយ និងអភិរក្សវប្បធម៌ដ៏ពិសេសរបស់តំបន់នេះ តាមរយៈការជួយធ្វើឱ្យភាពយន្តក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។

កម្មវិធីនេះដំណើរការដោយមានការគាំទ្រ ពីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើម Write and Eat គឺជាកិច្ចប្រឹងប្រែងរួមគ្នារវាងសមាជិកស្ថាបនិកមួយចំនួនដូចជាលោក សុខ វិសាល ស្ថាបនិកផលិតកម្ម 802 Films របស់ប្រទេសកម្ពុជា លោក Xaisongkham INDUANGCHANTHY មកពីប្រទេសឡាវ កញ្ញា Epsin HOAN មកពីប្រទេសវៀតណាម និងលោក Andy HO មកពីសិង្ហបុរី ដើម្បីរៀបចំសិក្ខាសាលារយៈពេលមួយឆ្នាំ និងវគ្គបណ្តុះបណ្តាលបង្កើតបណ្តាញ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ស្តង់ដារក្នុងតំបន់ និងការនិពន្ធក្នុងស្រុក។

អ្នកស្រី Ng Swee San អ្នកនិពន្ធជនជាតិសិង្ហបុរី និងជាគ្រូបង្រៀនផ្នែកនិពន្ធ ដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកសិល្បៈ ពីមហាវិទ្យាល័យសិល្បៈ Lasalle ក្នុងប្រទេសសិង្ហបុរី និងក៏ជាអតីតប្រធានសមាគមអ្នកនិពន្ធ (សិង្ហបុរី) ផងដែរនោះ នឹងធ្វើជាគ្រូបង្គោលម្នាក់ក្នុងចំណោមគ្រូបង្គោលផ្សេងទៀតសម្រាប់វគ្គបណ្តុះបណ្តាលផ្លូវការនេះ ។

លោក សុខ វិសាល ស្ថាបនិកផលិតកម្ម 802 Films បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ មានចក្ខុវិស័យពិសេសនៅពេលនិយាយអំពីភាពយន្ត។ សិក្ខាសាលាជាស៊េរីរយៈពេលមួយឆ្នាំនេះ នឹងគាំទ្រផលិតករភាពយន្ត និងអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ ជាមួយនឹងសិក្ខាសាលាជាស៊េរី និងឱកាសបង្កើតបណ្តាញ»

វគ្គបណ្តុះបណ្តាលនេះរួមមានសិក្ខាសាលាដែលរួមមានទាំងសិក្ខាសាលាបង្រៀនអំពីការនិទានរឿង ការបង្កើតតួអង្គ ការសរសេរកិច្ចសន្ទនា ការបង្កើតរចនាសម្ព័ន្ធរឿង និងសមាសធាតុផ្សេងទៀតដែលចាំបាច់សម្រាប់ការនិពន្ធសាច់រឿង។ គំនិតផ្តួចផ្តើម Write and Eat កំពុងស្វែងរកសិក្ខាកាមចំនួន ១៥នាក់ដែលមានអាយុចន្លោះពី ២២ ទៅ ៣៥ឆ្នាំមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ ដើម្បីចូលរួមក្នុងកម្មវិធីអប់រំថ្នាក់តំបន់នេះ។

លោក វិសាល បានបន្ថែមថា៖ «យើងកំពុងស្វែងរកអ្នកមកពីតំបន់នេះ ដែលមានចំណង់ចំណូលចិត្តផលិតភាពយន្ដ និងអ្នកដែលចង់ជួយ អភិវឌ្ឍឧស្សាហកម្មភាពយន្តនៅក្នុងតំបន់។ ជាការពិតណាស់ ក្នុងនាមជាតួអង្គដ៏សំខាន់មួយ យើងរំពឹងថា វប្បធម៌ដ៏រឹងមាំនិងគំនិតច្នៃប្រឌិតរបស់កម្ពុជា នឹងដើរតួយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ»។

ក្នុងនាមជាស្ថាបនិកមួយរូបនៃគំនិតផ្តួចផ្តើម Write and Eat លោក សុខ វិសាល បានប្ដេជ្ញាចិត្តលើកកម្ពស់វិស័យភាពយន្តកម្ពុជា។ លោក វិសាល គឺជានាយកផ្នែកសិល្បៈនិងច្នៃប្រឌិត ជាផលិតករតន្ត្រី និងជាស្ថាបនិកនៃផលិតកម្ម KlapYaHandz។ លោក វិសាល ក៏ជាផលិតករភាពយន្ត និងជាស្ថាបនិកផលិតកម្ម 802 Films ផងដែរដែលឈ្មោះរបស់លោកមានបង្ហាញនៅក្នុងក្រេឌីតរបស់ខ្សែភាពយន្តចំនួន ៥រឿង ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ លោក វិសាល ក៏រៀបចំព្រឹត្តិការណ៍កម្សាន្តធំៗនិងគាំទ្រផលិតកម្មភាពយន្តអន្តរជាតិជាច្រើនទៀតផងដែរ។

សម្រាប់ក្រុមហ៊ុនដែលមានបំណងចូលរួមឧបត្ថម្ភ និងគាំទ្រលោក វិសាល និងសិក្ខាសាលាបណ្តុះបណ្តាល ផ្នែកវប្បធម៌ដែលជាសកម្មភាពទំនួលខុសត្រូវសង្គម របស់សជីវកម្ម (CSR) របស់គំនិតផ្តួចផ្តើម Write and Eat នេះ សូមអញ្ជើញទាក់ទងមកកាន់អាសយដ្ឋានអ៊ីមែល [email protected]