(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានទទួលដៃគូចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាមួយទៀតហើយ គឺក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលផ្ដល់ជាកញ្ចប់ផលិត និងថវិកាខ្ទង់លានដុល្លារ ។

ថ្លែងក្រោយពិធីចុះ MOU នៅរសៀលថ្ងៃទី១៤ ខែមីនានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មានបញ្ជាក់ថា នេះគឺជាការបំពេញបន្ថែមនូវចំនួនអ្នកឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីកាត់បន្ថយការចំណាយរបស់គណៈកម្មការរៀបចំ ស្របតាមគោលការណ៍ សន្សំសំចៃ តែធ្វើឲ្យមានអស្ចារ្យ ។

តាមរយៈនេះ លោកបានថ្លែងអំណរគុណបណ្ដាក្រុមហ៊ុនទាំងអស់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ៕