(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធ Karim Benzema បានជាសះស្បើយ ពីបញ្ហារបួសវិញហើយ មុនពេលជំនួប Champions League របស់ក្លិប Real Madrid ប៉ះ Liverpool ជាមួយនឹងអ្នកចាត់ការ Carlo Ancelotti បានព្រមានឲ្យសមាជិកក្រុម បំភ្លេចចោលនូវជ័យជម្នះកាលពីខែមុន នៅឯកីឡដ្ឋាន Anfield, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

កីឡាករ Benzema បានចូលរួមជាមួយនឹងកីឡាករ Vinicius Junior ក្នុងការរកគ្រាប់បាល់បាន២លើក ខណៈ Madrid បានបំបាក់ Liverpool ៥-២ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ កាលពីខែកុម្ភៈ។

ខ្សែប្រយុទ្ធរបស់ Madrid រូបនេះ មិនទាន់រកគ្រាប់បាល់បាននោះទេ ក្នុងការប្រកួតចំនួន៣លើកជាប់ៗគ្នា នៃការប្រកួតទាំងអស់, ស្របពេលដែលបញ្ហារបួស បានកំណត់ឲ្យរូបលោក បានបង្ហាញខ្លួនត្រឹមតែ១៥ប្រកួតប៉ុណ្ណោះ ក្នុងលីគ LaLiga នារដូវកាលនេះ។

Benzema បានអង្គុយមើលការប្រកួតឈ្នះ ៣-១ លើក្រុម Espanyol កាលពីថ្ងៃសៅរ៍ ដោយសារមានបញ្ហាកជើង, ប៉ុន្តែលោក Ancelotti បានលើកឡើងថា ខ្សែប្រយុទ្ធរូបនេះ មានកាយសម្បទាគ្រប់គ្រាន់ និងអាចវិលត្រឡប់មកប្រកួតវិញបាន នៅមុនពេលទទួលក្រុមភ្ញៀវ Liverpool នៅកីឡដ្ឋាន Santiago Bernabeu។

«Benzema គឺបានជាសះស្បើយ១០០ភាគរយហើយ។ គាត់ធ្វើបានយ៉ាងល្អ នៅក្នុងការហ្វឹកហាត់ ចាប់តាំងពីថ្ងៃអាទិត្យមក» នេះជាសម្តីលោក Ancelotti បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់៕