(ខាឌីហ្វ)៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ លោក Rob Page បានជ្រើសរើសកីឡាករចំនួន ៤រូប ដែលមិនធ្លាប់លេងឲ្យក្រុមជម្រើសជាតិ មកចូលក្នុងក្រុមរបស់លោក សម្រាប់ត្រៀមការប្រកួតជម្រុះ ព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

កីឡាករ Jordan James, Nathan Broadhead និងកីឡាករ Oli Cooper នឹងទទួលបានឱកាសលេងឲ្យក្រុមជម្រើសជាតិ ជាលើកដំបូង ដូចទៅនឹងខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំ Luke Harris ផងដែរ។

នេះគឺជាក្រុមជម្រើសជាតិវេលស៍លើកដំបូង ដែលត្រូវបានប្រកាសឡើង ចាប់តាំងពីកីឡាកររកគ្រាប់បាល់បានច្រើន ជាប់កំណត់ត្រា និងជាកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុត របស់វេលស៍ Gareth Bale បានប្រកាសចូលនិវត្តន៍ ពីវិស័យបាល់ទាត់។

ក្រុមជម្រើសជាតិវេលស៍ ក៏នឹងត្រូវចូលរួមប្រកួតជម្រុះ ដោយមិនមានកីឡាករ Joe Allen, Chris Gunter និងកីឡាករ Jonny Williams ដែលបានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ នាពេលថ្មីៗនេះ ខណៈពួកគេបានប្រកាស ផ្តោតលើអាជីពលេងនៅក្លិបរបស់ពួកគេ។

សូមជម្រាបថា ក្រុមវេលស៍ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះ European Championship របស់ពួកគេ ជាមួយនឹងការធ្វើដំណើរទៅជួបក្រុមក្រូអាត នៅថ្ងៃទី២៥ ខែមីនាខាងមុខ មុនពេលធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមជម្រើសជាតិឡាតវី នៅកីឡដ្ឋាន Cardiff City Stadium នៅថ្ងៃទី២៨ ខែមីនា។

វេលស៍ ស្ថិតក្នុងពូល D ជាមួយនឹងក្រូអាត, ឡាតវី, ទួរគី និងអាមេនី សម្រាប់ការប្រកួតជម្រុះ Euro ឆ្នាំ២០២៤នេះ ខណៈពួកគេមានបំណង ចង់ទទួលបានកៅអីសម្រាប់ការប្រកួត European Championships នេះក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ដែលព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ នារដូវក្តៅឆ្នាំក្រោយ៕