(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់អាស៊ីអាគ្នេយ៍ Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023 នឹងត្រូវរៀបចំលើកដំបូងនៅកម្ពុជា នាខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយមានក្រុមកីឡាអេឡិចត្រូនិកកម្រិតអាជីព ១២ក្រុម មកពីជាង ១០ប្រទេសចូលរួម ។

នេះបើតាមការបញ្ជាក់របស់លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC) បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ Moonton លើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ពិសេសត្រៀមរៀបចំការប្រកួត MSC 2023 នៅក្រសួងព័ត៌មាន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ។

ប្រធានសហព័ន្ធដដែល បានសម្ដែងក្ដីរីករាយ ចំពោះការកិច្ចសហប្រតិបត្តិការជាមួយ Moonton ក្នុងគោលបំណងបង្កើតនូវមូលដ្ឋានគ្រឹះលើភាពជាដៃគូរវាងភាគីទាំងពីរ ដើម្បីក្លាយជាផ្នែកមួយ នៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀត ក្នុងប្រទេស សម្រាប់ផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជាបានចូលរួមប្រកួត និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ។

លោកបន្ដថា «ឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ(MSC 2023) គឺស្តែងឲ្យឃើញពីការអភិវឌ្ឍរបស់កម្ពុជានិយាយជារួម និងលើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានយ៉ាងល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩»

សម្រាប់ព្រឹត្តិការណ៍ MSC 2023 គ្រោងចាប់ផ្ដើមថ្ងៃទី១០-១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយការប្រកួតលក្ខណៈអាជីព (Pro Team) លើកដំបូងនៅកម្ពុជានេះ គឺមានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីកម្ពុជា (១ក្រុម), ឥណ្ឌូនេស៊ី (២ក្រុម), ម៉ាឡេស៊ី (១ក្រុម), សឹង្ហបុរី (១ក្រុម), ហ្វីលីពីន (២ក្រុម), អាមេរិកខាងជើង (១ក្រុម) និងតួគី (១ក្រុម) ។ រីឯវៀតណាម ឡាវ និងថៃ ត្រូវធ្វើការប្រកួតជម្រុះយក ១ក្រុម ហើយប្រទេសមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ក៏ត្រូវប្រកួតជម្រុះយក ១ក្រុមមកចូលរួមប្រកួតនៅកម្ពុជាផងដែរ ៕