(បរទេស)៖ ទាំងអ្នកនយោបាយម៉ាឡេស៊ី និងអ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គម សុទ្ធតែបានចូលរួមអបអរសាទរលោកស្រី Michelle Yeoh ចំពោះការឈ្នះជាប្រវត្តិសាស្រ្តរ នូវពានរង្វាន់ Oscar លើកទី៩៥ ក្នុងនាម ជាតារាសម្ដែងល្អបំផុត សម្រាប់តួនាទីនៅក្នុងខ្សែភាពយន្តដ៏ល្បីរឿង «Everything Everywhere All At Once»។ ប្រការនេះធ្វើឲ្យលោកស្រី Michelle Yeoh បានក្លាយជាជនជាតិអាស៊ីដំបូងគេ ឈ្នះពានរង្វាន់ Oscar លើកទី៩៥។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

នៅក្នុងខ្សែភាពយន្ត «Everything Everywhere All At Once» តួអង្គរបស់ Michelle Yeoh ត្រូវឆ្លងភពដើម្បីកម្ចាត់សភាវអាក្រក់ និងជួយសង្គ្រោះភពផ្សេងៗ។ ការសម្ដែងរបស់អ្នកស្រី ធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែក តាមរយៈសាច់រឿងរំជួលចិត្តពីបញ្ហាគ្រួសារ និងទំនាក់ទំនងរវាងសមាជិកគ្រួសារពីជំនាន់មួយទៅជំនាន់មួយ។ Michelle Yeoh បានបង្កើតប្រវត្តិសាស្ត្រជាផ្លូវការ នៅពេលអ្នកស្រីឈ្នះពានរង្វាន់អូស្ការ ដោយបានផ្តួលគូប្រជែងរួមមានតារាសម្ដែង Cate Blanchett (ពីភាពយន្ត Tar ), Ana de Armas (ពីភាពយន្ត Blonde ), Andrea Riseborough (ពីភាពយន្ត To Leslie) និង Michelle Williams (ពីភាពយន្ត The Fabelmans)។

ក្នុង​ការ​បង្ហោះ​តាម​ហ្វេស​ប៊ុក នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim បាន​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​ជ័យ​ជម្នះ​របស់លោកស្រី និង​បានកោតសរសើរ​ចំពោះ​អាជីព​ដ៏​អស្ចារ្យ​របស់លោកស្រីថែមទៀតផង។ ជយលាភីនេះធ្វើឲ្យអ្នកស្រីក្លាយជាស្ត្រីដើមកំណើតអាស៊ីដំបូងគេ និងជាសិល្បករដើមកំណើតម៉ាឡេស៊ីដំបូងគេ ដែលឈ្នះពានរង្វាន់តួឯកស្រីឆ្នើមរបស់ Oscars។ ទោះបីអ្នកស្រី គឺជាសិល្បករដើមកំណើតអាស៊ី ទី៥ដែលបានឈ្នះពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែង ប៉ុន្តែអ្នកស្រីជាសិល្បករអាស៊ីទីមួយដែលឈ្នះពានតួឯក។

គួរជម្រាបថា អ្នកស្រី Michelle Yeoh បានចូលប្រឡូកក្នុងវិស័យភាពយន្ត ហើយមកដល់ឆ្នាំ១៩៨៥ អ្នកស្រីក៏ចាប់ផ្ដើមមានឈ្មោះល្បីល្បាញខ្លាំង តាមរយៈការសម្ដែងជាតួឯកស្រី នៅក្នុងខ្សែភាពយន្តក្បាច់គុនដ៏ល្បីល្បាញ «Yes, Madam»។ ភាពជោគជ័យនៃខ្សែភាពយន្តនេះបានធ្វើឲ្យ Michelle Yeoh ក្លាយជាតារាក្បាច់គុនស្រី ដ៏លេចធ្លោក្នុងវិស័យភាពយន្តភាសាចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០៕