(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Volkswagen បានប្រកាសពីផែនការក្នុងការវិនិយោគប្រហែល ១៩២.៦ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៧ ដោយក្នុងនោះមានច្រើនជាង ២ភាគ ៣ នឹងផ្តោតសំខាន់ទៅលើប្រព័ន្ធ «អគ្គិសនី និងឌីជីថលនីយកម្ម»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

កាលពីដើមខែមីនានេះ Volkswagen បានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការពេញមួយឆ្នាំ២០២២ របស់ខ្លួន ដែលរកបានមានចំនួនច្រើនជាង ២៤ពាន់លានដុល្លារ និងកើនឡើងខ្ទង់ ១៣ភាគរយ បើធៀបប្រាក់ចំណេញកាលពីឆ្នាំ២០២១ ខណៈការចែកចាយអាគុយរថយន្តអគ្គិសនី និងរថយន្តអគ្គិសនីបានកើនឡើងខ្ទង់ ២៦ភាគរយឯណោះ។

ជុំវិញផែនការវិនិយោគនេះ Volkswagen បានឱ្យដឹងថា ខ្លួននឹងផ្តោតសំខាន់ទៅលើទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៥ ខាងមុខនេះរថយន្តប្រើសាំងភាគច្រើននឹងត្រូវបានកាត់បន្ថយការផលិតមកនូវកម្រិតទាប។ ទាំងនេះក៏ដោយសារតែដំណើរការឆ្ពោះទៅរកគោលដៅនៃការដាក់លក់រថយន្តអគ្គិសនីទាំងអស់ឱ្យបានខ្ទង់ ៥០ភាគរយនៅទូទាំងពិភពលោកនៅឆ្នាំ២០៣០៕