(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកបណ្ដាប្រទេសសមាជិក ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានស៊ីមកាត(Sim Card) ដែលមានភ្ជាប់ប្រព័ន្ធសេវាទូរស័ព្ទ(Internet) ប្រើប្រាស់ដោយឥតគិតថ្លៃ ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បន្ទាប់ពីអង្គភាពទទួលរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសែលកាត ក្នុងភាពជាដៃគូចលនូបត្ថម្ភផ្ដាច់មុខ លើទូរគមនាគមន៍ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងនាមប្រតិបត្តិករកីឡាកម្ពុជា លោកបានសម្ដែងសេចក្ដីរីករាយដែល សែលកាត បានក្លាយជាដៃគូឧបត្ថម្ភកម្រិតទី១ ដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។ អ្វីដែលពិសេស ក្រៅពីការជួយក្នុងទំហំទឹកប្រាក់ដ៏ច្រើន ក្រុមហ៊ុនថែមទាំងផ្ដល់នូវស៊ីមកាត ២ម៉ឺនស៊ីម ដោយឥតគិតថ្លៃ ជាមួយការភ្ជាប់នូវប្រព័ន្ធសេវាទូរស័ព្ទ ដែលអាចប្រើប្រាស់អ៊ិនធឺណេត ដោយឥតគិតថ្លៃ ដល់ប្រតិភូ និងអត្តពលិក អំឡុងព្រឹត្តិការណ៍ទៀតផង ។ នេះគឺជាផលចំណេញមួយទៀត ដើម្បីជំរុញការផ្សព្វផ្សាយពីកម្ពុជា ឆ្នាំ២០២៣ ទៅកាន់ពិភពលោក ។

គួរដឹងថា គិតត្រឹមពេលនេះ CAMSOC បានបញ្ចប់ការចុះ MOU ជាមួយក្រុមហ៊ុនឧបត្ថម្ភកម្រិត១ និងកម្រិត២ ហើយ នៅឡើងកម្រិតទី៣ ដែលផ្ដោតលើការឧបត្ថម្ភផ្នែកទទួលរ៉ាប់រងសេវាកម្មផ្សេងៗ តែក៏គ្រោងនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ ដែរ ។ លោក វ៉ាត់ ចំរើន បានចាត់ទុកការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជនទាំងអស់ គឺជាទំនួលខុសត្រូវរួមមួយ ដើម្បីសម្រាលបន្ទុកដល់ CAMSOC ក៏ដូចជារាជរដ្ឋាភិបាល កុំឲ្យចំណាយថវិកាទាំងដុលលើការរៀបចំ ស្របតាមគោលការណ៍ សន្សំសំចៃ តែធ្វើឲ្យមានភាពអស្ចារ្យក្នុងការរៀបចំនេះ ៕