(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានសម្រេចបន្តប្រើរូបមន្តចាស់ ដោយក្នុង ១ពូលមាន ៤ក្រុមដដែលសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 គ្រាដែលក្រុមជើងឯកត្រូវលេងច្រើនប្រកួត លើសពីសព្វមួយដង។

យោងតាមគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ នេះថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅក្នុងប្រទេសរ៉ាវ៉ាន់ដា (Rwanda) នារាត្រីថ្ងៃអង្គារ នៅពេលការប្រកួតផ្លូវការនឹងធ្វើឡើងក្នុង ៣ប្រទេសផ្សេងគ្នាគឺ សហរដ្ឋអាមេរិក កាណាដា និងមិចស៊ិក ពីការបន្ថែមក្រុមកើនដល់ ៤៨ក្រុម (ប្រទេស) ផងដែរ។

FIFA បានបញ្ជាក់ថា ក្រុមឈរនៅលេខ១ និងលេខ២ តាមពូលនីមួយៗមានសិទ្ធិឡើ់ងទៅវគ្គបន្ត អមដោយក្រុមលេខ៣ ល្អបំផុតចំនួន ៨ក្រុមទៀត ក៏ត្រូវបានជ្រើសរើស ដើម្បីបំពេញបន្ថែមក្នុងវគ្គ ៣២ក្រុមផងដែរ។

សម្រាប់វគ្គ ៣២ក្រុមចុងក្រោយថ្មីនេះដែរមានន័យថា ក្រុមជើងឯកត្រូវតែលេងចំនួន ៨ប្រកួត ខុសប្លែកគ្នាពី World Cup 2022 ដែលអាហ្សង់ទីនដណ្តើមបានជើងឯកនោះ លេងតែ ៧ប្រកួតប៉ុណ្ណោះ។

សូមបញ្ជាក់ផងថា រូបមន្តប្រកួតក្នុង ១ពូលមាន ៤ក្រុមនេះ ត្រូវបានប្រើប្រាស់ដំបូងតាំងពី World Cup ឆ្នាំ១៩៩៨ នៅប្រទេសបារាំងមកម្ល៉េះ នៅពេលក្រុមលេខ១ និងលេខ២ ត្រូវឡើងទៅវគ្គបន្ត គ្រាដែលមាន ៣២ប្រទេសចូលរួមសម្រាប់ជុំចុងក្រោយ៕