(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២ម៉ឺនដុល្លារដល់កីឡាករ-កីឡាការិនីរបស់ខ្លួនរូបណា ដែលដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ។

ការប្រកាសនេះធ្វើឡើងក្នុងមហាសន្និបាតមហាសន្និបាតរបស់សហព័ន្ធ បញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិថ្មី ស្របពេលគណៈកម្មាធិការប្រតិបត្តិ បានបោះឆ្នោតគាំទ្រអ្នកឧកញ៉ា សៀ ឬទ្ធី បន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៧ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធ បានសម្ដែងសេចក្ដីរីករាយ ចំពោះការរក្សាតំណែងរបស់ប្រធានសហព័ន្ធខាងលើ ក្នុងអាណត្ដិថ្មី ដើម្បីបន្ដដឹកនាំ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកូនបាល់កម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមកិត្តិយសជូនជាតិ ពីព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

មិនតែប៉ុណ្ណោះ ក្រៅពីប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡាក្ដី តាមរយៈគណៈកម្មាធិការជាតិ CAMSOC ក្ដី ឬសប្បុរសជននានាក្ដី គឺអ្នកឧកញ៉ា សៀ ឬទ្ធី បានប្រកាសបើកីឡាករ ឬកីឡាការិនីណា ដែលដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា លោកនឹងឧបត្ថម្ភថវិកាបន្ថែមចំនួន ២ម៉ឺនដុល្លារទៀតផង។

អគ្គលេខាធិការខាងលើបន្ដថា «នេះគឺសញ្ញាណមួយដ៏ល្អ ដែលធ្វើឲ្យកីឡាករ-កីឡាការិនីរបស់យើង មានការរំភើប ហើយកាន់តែខំប្រឹង ដើម្បីសម្រេចទិសដៅក្នុងការប្រកួត។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ១០០% នៃកីឡាករ-កីឡាការិនីរបស់យើង ចូលរួមប្រកួតនេះ គឺដោយបេះដូង និងស្មោះអស់ពីចិត្ដ ទោះមានថវិកា ឬមិនមានថវិកា ក៏ពួកគេរីករាយ នឹងចូលរួមដោយស្មារតី និងឆន្ទៈខ្ពស់ ដើម្បីប្រទេសជាតិរបស់យើងដែរ»

សូមបញ្ជាក់ថា សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា អាណត្តិទី៧ រួមមាន លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាប្រធានកិត្តិយសសហព័ន្ធ, អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាន, លោកស្រី ស៊ុំ សុខា អនុប្រធាន, លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ, លោក ជា ពៅ អគ្គលេខាធិការរង, លោកស្រី ឯក ប៊ុនលក្ខិណា ជាអគ្គហេរញ្ញិក និងលោក ឈាន សុវណ្ណ អគ្គហេរញ្ញិករង ព្រមទាំងសមាជិក ៥រូបផ្សេងទៀត៕