(បរទេស)៖ ខណៈកំពូលខ្សែភាពយន្ត «Mission Impossible 7» សម្តែងដោយតារាល្បី Tom Cruise ត្រៀមបញ្ចាំងនាប៉ុន្មានខែខាងមុខ ហើយពេលនេះស្រាប់តែផលិតករ ធ្វើឲ្យអ្នកតាមដានអន្ទះសារយ៉ាងខ្លាំង ក្រោយពីទម្លាក់ Poster នៃរឿងនេះជាផ្លូវការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ចាប់តាំងពីវគ្គ «Mission Impossible 7» ត្រូវបានគេប្រកាស បានបង្កើតការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម និងបានក្លាយជាភាពយន្ត ដែលមានការរំពឹងទុកច្រើនបំផុតថា នឹងវ៉ាដាច់ភាពយន្តផ្សេងៗប្រចាំឆ្នាំ២០២៣។ ជាក់ស្តែងថ្ងៃនេះ អ្នកផលិតបានទម្លាក់ផ្ទាំងរូបភាព (Poster) ដំបូងនៃភាពយន្តនេះ ដោយដាក់ថានេះគឺជាផ្ទាំងរូបភាពផ្លូវការសម្រាប់ #MissionImpossible-Dead Reckoning Part One ដែលសម្តែងដោយ Tom Cruise។

ភាពយន្តនេះត្រូវបានគេដឹងថា នឹងមាននៅក្នុងរោងកុន ក្នុងអំឡុងខែកក្កដាឆ្នាំ២០២៣ ខាងមុខនះ។ ផ្ទាំងរូបភាពនៃរឿងភាគថ្មីនេះ បានបង្ហាញពី Tom Cruise កំពុងហោះនៅលើមេឃរួមជាមួយម៉ូតូរបស់លោក។

គួរជម្រាបថា «Mission Impossible-Dead Reckoning Part 1» គឺជាខ្សែភាពយន្តបែបរន្ធត់បែបចារកម្ម ដែលជាវគ្គបន្តនៃ «Mission Impossible–Fallout» ឆ្នាំ២០១៨។ ខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយ Christopher McQuarrie ហើយគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕