(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំង សម្រាប់មហាជនទូទៅ ជាពិសេសអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈលើវិស័យភាពយន្ត បន្ទាប់ពីម្ចាស់ផលិតកម្មល្បីមួយនៅក្នុងស្រុក បានប្រកាសបិទផលិតកម្មរបស់ខ្លួនជាផ្លូវការ ដោយសំអាងថា ការថតភាពយន្តនាពេលកន្លងមកបានចំណាយអស់ថវិកាច្រើន ប៉ុន្តែប្រភពចំណូល គឺមិនបានទូទាត់ឲ្យរួចខ្លួច រហូតធ្វើឲ្យខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ ពេលភាពយន្តដាក់បញ្ចាំងលើទីផ្សារ។

ផលិតករវ័យក្មេងលោក ចាន់ណា រ៉ូណាន បានបង្ហាញប្រាប់ជាសាធារណៈឲ្យមហាជនដឹងថា «បិទផលិតកម្ម នេះជារឿងទីមួយ ហើយជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ដោយបងប្រុសចាងហ្វាងគាត់សម្រេចចិត្ត មិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត»

ផលិតករមានឈ្មោះល្បីរូបនេះ បានបន្តថា «​ខ្សែភាពយន្តមួយនេះ (សំណើច៦៥២Km) ផលិតអស់១២ម៉ឺនដុល្លារ កាលពីចុងឆ្នាំ២០១៩ ហើយក៏មានបញ្ហាផ្ទុះកូវីដ-១៩ រហូតមកដល់ឆ្នាំ២០២៣ ទើបបានចាក់បញ្ចាំង។

ការចាក់បញ្ចាំងរឿងក្នុងសម័យក្រោយកូវីដ ចំណូលដែលរកបានមកវិញជាង ៨ម៉ឺនដុល្លារ បន្ទាប់ពីកាត់ជូនរដ្ឋ និងចែកពាក់កណ្តាលជាមួយរោងកុន ខាងផលិតកម្មទទួលបានប្រាក់ជាង ៤ម៉ឺនដុល្លារ ខាត ៨ម៉ឺនដុល្លារ»

យ៉ាងណាមិញ បន្ទាប់ពីប្រកាសដំណឹងនៃការបិទផលិតកម្ម «ក្រុងពិជ័យ» ដែលធ្លាប់តែផលិតភាពយន្តរឿងខ្នាតធំ ដាក់បញ្ចាំងតាមបណ្ដារោងភាពយន្តនានារួចមក លោក ចាន់ណា រ៉ូណាន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះអ្វីដែលបានកើតឡើងនៅពេលនេះ ដោយលោកក៏បង្ហាញអារម្មណ៍ខូចចិត្ត ដែលមិនអាចជួយដល់ផលិតកម្មមួយនេះ ឲ្យឈរជើងបន្តទៀតក្នុងវិស័យភាពយន្តខ្មែរ។

លោក ចាន់ណា រ៉ូណាន បាននិយាយដោយក្ដីសោកសៅថា «សម្រាប់ខ្ញុំពិតជាសោកស្តាយ ខូចចិត្ត ដែលមិនអាចធ្វើឲ្យផលិតកម្មឈរក្នុងវិស័យនេះបាន ហើយខ្ញុំនូវទទួលនិពន្ធ និងដឹកនាំរឿង Freelance ពីខាងបងៗដែលមានលទ្ធភាព ឬគួរតែឈប់ផលិត តែក៏សូមអរគុណបងប្អូន ដែលគាំទ្រស្នាដៃផលិតភាពយន្តខ្នាតធំរបស់ខ្ញុំកន្លងមក..!»

សូមបញ្ជាក់ថា ស្នាដៃចុងក្រោយរបស់ផលិតកម្ម «ក្រុងពិជ័យ» មានចំណងជើងថា «សំណើច៦៥២Km» ដែលជាប្រភេទភាពយន្តបែបកំប្លែង ដោយផលិតឡើងកាលពីមុនផ្ទះជំងឺកូវីដ-១៩ ហើយបន្ទាប់ពីប្រទេសកម្ពុជា ត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាតនេះ ភាពយន្តខ្នាតធំរឿង «សំណើច៦៥២Km» ត្រូវបានផ្អាកចាក់បញ្ចាំងអស់រយៈជាង៣ឆ្នាំ។ ទើបនៅដើមឆ្នាំ២០២៣នេះ ផលិតកម្មបានសម្រេចចិត្តដាក់បញ្ចាំង ហើយត្រូវបានផលិតកម្មអះអាងថា ខាតបង់ចំណូលយ៉ាងច្រើន ជាហេតុធ្វើឲ្យផលិតកម្ម អស់ទុននៅក្នុងការផលិតភាពយន្តថ្មីៗបន្តទៀត៕