(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបញ្ចប់ការទទួលដៃគូឧបត្ថម្ភធំកម្រិត១ និងកម្រិត២ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះហើយ ក្រោយទទួលបានដៃគូធំមួយថ្មីទៀត គឺក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូចលនូបត្ថម្ភនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុនអាកាសចរណ៍ខាងលើនាថ្ងៃទី១៥ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ខេមបូឌា អ៊ែរវ៉េ ធ្លាប់បានជួយដល់វិស័យកីឡាកម្ពុជាកន្លងមក ពិសេសកាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្រោយពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺប្រតិភូកីឡាកម្ពុជាក៏ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុនក្នុងស្រុកមួយនេះដែរ។

ក្រឡេកមកចាប់អារម្មណ៍ការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានេះវិញ ក្រុមហ៊ុនមិនត្រឹមតែឧបត្ថម្ភថវិកាដ៏ច្រើននោះទេ ថែមទាំងជួយជាសំបុត្រយន្ដហោះសម្រាប់កីឡាករ-កីឡាការិនីធ្វើដំណើរហ្វឹកហាត់ដោយឥតគិតថ្លៃ (៣០០សំបុត្រ) ព្រមទាំងជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឲ្យកាន់តែទូលំទូលាយទៀតផង។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា មកទល់ពេលនេះ CAMSOC បានបញ្ចប់ការទទួលដៃគូឧបត្ថម្ភកម្រិត១ និងកម្រិត២ ហើយនៅឡើយកម្រិត៣ ផ្ដោតលើផ្នែកសេវាផ្សេងៗ ដែលនៅទទួល តែគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗ។ យ៉ាងណាក្ដី លោកបានអំពាវនាវឲ្យសប្បុរសជន ដែលមានបំណងចង់រួមចំណែកក្នុងព្រឹត្តិការណ៍នេះ ក៏អាចចូលរួមឧបត្ថម្ភ តាមរយៈមូលនិធិក្រុមជម្រើសជាតតិកម្ពុជា ឬ Team Cambodia ក៏បាន៕