(បរទេស)៖ កម្មវិធីកម្សាន្តចិន TikTok កំពុងពិចារណាបំបែកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance របស់ខ្លួនដើម្បីជួយដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកអំពីហានិភ័យសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា គម្រោងផ្តាច់ខ្លួនរបស់ TikTok នៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ពី ByteDance នៅឡើយនោះទេថា តើជាការផ្តាច់ខ្លួននេះជាការដាក់លក់ទៅឱ្យក្រុមហ៊ុនផ្សេង ឬជាការបោះផ្សាយជាសាធារណៈ (IPO)។ ទាំងនេះត្រូវបានគេរំពឹថា ជាមធ្យោបាយចុងក្រោយរបស់ TikTok ហើយវានឹងត្រូវបានអនុវត្តលុះត្រាតែសំណើរដែលមានស្រាប់របស់កម្មវិធីកម្សាន្តនេះជាមួយនឹងមន្រ្តីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកមិនទទួលបានការយល់ព្រម។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ TikTok កំពុងស្ថិតក្រោមការត្រួតពិនិត្យសន្តិសុខជាតិដោយគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ក្រោមហេតុផលភ័យខ្លាចថាទិន្នន័យអ្នកប្រើប្រាស់អាចបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលចិន ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខលោកខាងលិច។ ជុំវិញការហាមឃាត់កម្មវិធី TikTok ពីឧបករណ៍រដ្ឋាភិបាលនៅអឺរ៉ុប នាយកប្រតិបត្តិ TikTok លោក Shou Zi Chew នឹងបង្ហាញខ្លួននៅមុខសភាអាមេរិកនៅសប្តាហ៍ក្រោយនេះ៕