(អឺរ៉ុប)៖ Real Madrid ជាក្រុមការពារតំណែងជើងឯករដូវកាលមុន ដ្បិតការប្រជែងពាន UEFA Champions League រដូវកាលនេះ បានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយហើយ ដោយនៅរង់ចាំអ៊ុតមើលលទ្ធផលការចាប់ឆ្នោត ដែលក្រុមលោក Carlo Ancelotti និងអាចជួបក្រុមខ្លាំងៗមួយណាដែលធ្លាប់ឈ្នះពាននេះ មានក្លិប Chelsea, Bayern Munich, Inter Milan, AC Milan, Benfica ខណៈការចាប់ឆ្នោតនឹងធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

Real Madrid ជាក្រុមឈ្នះពាននេះ ១៤លើកនៃប្រវត្តិសាស្ត្រក្របខណ្ឌលីគអឺរ៉ុប UEFA Champions League, ហើយមុនឈានមកដល់វគ្គ ៨ក្រុមនេះ ក្រុមដឹកនាំដោយលោក Carlo Ancelotti បានយកឈ្នះ Liverpool ១-០ នៃជើងទី២ ហើយសរុបទាំងពីលើករកបានលទ្ធផល ៦-២ ក្នុងវគ្គ ១៦ក្រុមនារដូវកាលនេះ ដ្បិតរដូវកាលមុនប៉ះនៅវគ្គផ្តាច់ព្រ័ត្រ។

Benzema ស៊ុត ១គ្រាប់ជ័យជម្នះ ធ្វើឲ្យក្រុម Liverpool ដឹកនាំដោយលោក Jurgen Klopp បន្តការខកចិត្តចំពោះក្តីសង្ឃឹមនៃការព្យាយាមឈ្នះពាននេះជាលើកទី៧ របស់ពួគេ, និងជាលើកទី២ របស់លោក Jurgen Klopp នាមធ្លាប់រងជើងឯក ២លើកក្នុងអាជីពជាគ្រូបង្វឹក។

រំលឹកផងថា ក្រៅពី Real Madrid ដែលជាអធិរាជពាន UEFA Champions League ច្រើនជាងគេ ក៏នៅមានក្រុម AC Milan ធ្លាប់ឈ្នះពាននេះ ៧លើក, Bayern Munich បានចំនួន ៦លើក, Inter Milan បានចំនួន ៣លើក, Chelsea, Benfica ធ្វើបាន ២លើកដូចគ្នា ដែលកំពុងស្ថិតក្នុងវគ្គ ៨ក្រុមរដូវកាលនេះ ដ្បិតក្រុម Manchester City បានរងជើងឯក ១លើក ហើយក្រុម Napoli មិនទាន់ស្គាល់ពាននេះនោះទេ។

សូមជម្រាបថា តាមរយៈគណៈកម្មការ UEFA សម្រាប់ការចាប់ឆ្នោតផ្គូរផ្គងវគ្គ ៨ក្រុមនេះ គ្រោងធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ហើយការប្រជែងជើងទី១ គ្រោងរៀបចំនាថ្ងៃទី៩-១០ ខែឧសភា និងជើងទី២ ធ្វើនៅថ្ងៃទី១៦-១៧ ខែដដែល៕