(ប្រាក)៖ កីឡាករ Patrik Schick ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ នឹងខកខានការប្រកួតបើកឆាកជម្រុះ Euro ឆ្នាំ២០២៤ ដោយសារបញ្ហារបួស។ នេះបើតាមការប្រកាសពីក្រុមបាល់ទាត់ជម្រើសជាតិឆេក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ក្រុមបាល់ទាត់ជម្រើសជាតិឆេក ដែលបានចាញ់ដាណឺម៉ាក ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅ Euro កាលពីឆ្នាំមុននោះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវប៉ូឡូញ នៅថ្ងៃទី២៤ ខែមីនាខាងមុខ ហើយបន្ទាប់មកនឹងត្រូវធ្វើដំណើរទៅជួបក្រុមម៉ុលដាវី នៅថ្ងៃទី២៧ ខែមីនា ក្នុងពូល​ E ដែលក្នុងនោះក៏មានក្រុមអាល់បានី និងកោះហ្វារ៉ូផងដែរ៕