(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានដឹកនាំសិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេសលើផ្នែកស្រាវជ្រាវ និងអភិរក្ស ចុះកម្មសិក្សាស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្តដោយផ្ទាល់។

លោកស្រីសាស្រ្ដាចារ្យ Barbara Anello គ្រូបង្រៀនភាសាអង់គ្លេសលើវិស័យបេតិកភណ្ឌរបស់​អាជ្ញាធរជាតិអប្សរា បានប្រាប់ឲ្យដឹងថា នេះជាកម្មវិធីពង្រឹងសមត្ថភាពមន្រ្តី និងបុគ្គលិកអាជ្ញាធរដែលមកពីផ្នែកសារមន្ទីរ វប្បធម៌ ពិសេសផ្នែកអភិរក្ស និងជួសជុល។ កម្មវិធីសិក្សានេះផ្តោតសំខាន់លើការពង្រឹង សមត្ថភាពភាសាអង់គ្លេសលើជំនាញបច្ចេកទេស។

លោកស្រីបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយសារនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានថវិកាពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។ សិក្ខាកាមចូលរួមមានមន្រ្តី បុគ្គលិកនៅអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងសារមន្ទីរជាតិអង្គរ ដែលមានការសិក្សាផ្ទាល់ និងតាមអនឡាញ។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សិក្ខាកាមបានចុះស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត។ ទីនោះមានលោក ឡុង ណារី មន្រ្តីផ្នែកអភិរក្សអាជ្ញាធរជាតិអប្សរា បានពន្យល់ពីការអភិរក្សលោកតារាជ បណ្ណាល័យខាងជើង និងគម្រោងអភិរក្សរបស់អាល្លឺម៉ង់។

អ្នកស្រី ហ៊ិន ចាន់តារា បុគ្គលិកអាជ្ញាធរជាតិអប្សរា និងជាសិក្ខាកាមមួយរូបបាននិយាយថា វគ្គសិក្សានេះបានជួយឱ្យអ្នកស្រីមានចំណេះដឹងផ្នែកភាសាអង់គ្លេសជំនាញ រួមបញ្ចូលនឹងចំណេះដឹងផ្នែក បេតិកភណ្ឌវប្បធម៌។

អ្នកស្រីថា វគ្គពង្រឹងសមត្ថភាពនេះនឹងជួយមន្រ្តី បុគ្គលិកអាជ្ញាធរមានដើមទុនសម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការសិក្សាស្រាវជ្រាវ និងចងក្រងជាសៀវភៅជុំវិញកិច្ចការដែលពួកគេកំពុងធ្វើរាល់ថ្ងៃបានផងដែរ៕