(បរទេស)៖ អ្នកវិភាគជឿជាក់ថាទីផ្សារស្មាតហ្វូនក្នុងប្រទេសឥណ្ឌាចាប់ផ្តើមងើបឡើងវិញហើយជាមួយនឹងលទ្ធផលស្រាវជ្រាវទីផ្សារថ្មី Samsung ដណ្តើមបានចំណែកទីផ្សារ ២០ភាគរយ ខណៈ Xiaomi ជាប់ចំណាត់ថ្នាក់លេខពីរជាមួយនឹងចំណែកទីផ្សារ ១៨ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

យោងតាមអ្នកវិភាគបានគូសបញ្ជាក់ថា ប្រជាជនឥណ្ឌាឥឡូវនេះមានប្រាក់ចំណូលច្រើនជាងមុន ហើយកំពុងបញ្ជាទិញស្មាតហ្វូនដែលមានតម្លៃថ្លៃជាងបើធៀបទៅនឹងលទ្ធផលឆ្នំាមុនៗ។ ជាក់ស្តែងកាលពីអំឡុងពីរឆ្នាំមុន ឆ្នាំ២០២០ និង ២០២១ ស្មាតហ្វូនដែលតម្លៃសមរម្យគិតចាប់ពី ១២០ដុល្លារ ទទួលបានការបញ្ជាទិញច្រើនក្នុងប្រទេសឥណ្ឌាដែលមានប្រហែល ៤០ភាគរយ ប៉ុន្តែលទ្ធស្រាវជ្រាវសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២កន្លងទៅនេះបានធ្លាក់ចុះមកនៅត្រឹម ២៦ភាគរយប៉ុណ្ណោះ ខណៈពេល ស្មាតហ្វូនដែលមានតម្លៃលើសពី ៣៦០ដុល្លារបានកើនឡើងខ្ទង់ ១១ភាគរយឯណោះ។

ប្រភពបានអះអាងថា ទាំងនេះជាមូលហេតុចម្បងដែល Samsung បានយកឈ្នះទៅលើ Xiaomi ដោយសារតែប្រជាជនចាប់ផ្តើមគិតទៅលើគុណភាព ជៀសជាងគិតទៅលើស្មាតហ្វូនដែលមានតម្លៃទាបដូចមុន៕