(អាមេរិក)៖ តារាសម្ដែងល្បីឈ្មោះម្នាក់របស់អាមេរិកលោក Lance Reddick ដែលដើរតួជាអនុសេនីយ៍ទោ Cedric Daniels, ប៉ូលីស Baltimore ក្នុងរឿងល្បី «The Wire» និងជាតួអង្គក្នុងរឿង  «John Wick» បានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ 

Reddick ដែលបានបង្ហាញខ្លួននៅក្នុងស៊េរីខ្សែភាពយន្ត John Wick ជាសត្រូវនឹង Keanu Reeves ត្រូវបានគេរកឃើញថា បានស្លាប់នៅផ្ទះរបស់លោកនៅក្នុងតំបន់ Studio City នៃទីក្រុង Los Angeles។ នេះបើតាមចំណងជើងព័ត៌មានTMZ បានរាយការណ៍។ ជាមួយគ្នានេះប្រភពដែលបានប្រាប់ AFP បាននិយាយថា តារាសម្ដែងល្បីឈ្មោះ Lance Reddick បានទទួលមរណភាពភ្លាមៗនៅព្រឹកមិញនេះ ដោយសាររោគាពាធ។

គួរជម្រាបថា Reddick ទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០០០ នៅលើរឿង «Oz» របស់ HBO ដែលលោកបានដើរតួជាអ្នកស៊ើបអង្កេត ប្រយុទ្ធនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែតួនាទីរបស់លោកក្នុងរឿង «The Wire» បានធ្វើឲ្យលោកល្បីល្បាញខ្លាំង និងមានអ្នកស្គាល់ច្រើន។ បន្ទាប់ពីសម្តែងរឿង «The Wire», Reddick ត្រូវបានសម្ដែងក្នុងរឿងដ៏ល្បី «John Wick» ជាតួ Charon ដែលជាអ្នកឃ្លាំមើលនៅសណ្ឋាគារញូវយ៉ក ដែលធ្វើការជាមួយតួឯក Reeves៕