(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបង្ហាញសុទិដ្ឋិនិយមលើការជំរុញការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព ដើម្បីលើកមុខមាត់ លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា ទៅកាន់ពិភពលោក ក្នុងនាមម្ចាស់ផ្ទះលើកដំបូង នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ការដាក់ក្តីរំពឹងនេះ ក្នុងឪកាសសម្តេចពិជ័យសេន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្ពីពីការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្មាំ២០២៣ ដ៏មានសារៈសំខាន់ ដោយមានការចូលរួមពីតំណាង ឯកអគ្គរាជជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំមន្រ្តីបម្រើការក្នុងអគ្គលេខាធិការដ្ឋាន CAMSOC អ្នកសារព័ត៌មាន ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ តំណាងសហព័ន្ធកីឡាជាតិ និងអ្នកស្ម័គ្រចិត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនី នៅថ្ងៃទី១៨ ខែមីនានេះ នៅទីស្តីការក្រសួងការពារជាតិ ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា គោលបំណងនៃការបង្កើតសិក្ខាសាលាពេលនេះ ក្នុងបំណងផ្សព្វផ្សាយឱ្យជ្រួតជ្រាប បានកាន់តែទូលំទូលាយជូនសាធារណជនជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធពីព័ត៌មានផ្លូវការនូវទិដ្ឋភាពរួម ដូចជា ទីលានប្រកួត ការកំណត់ប័ណ្ណសម្គាល់ប្រើប្រាស់ក្នុងព្រឹត្តិ្កការណ៍ រួមទាំងការស្នាក់នៅ ហូបចុក ដឹកជញ្ជូន សុខាភិបាល និងកិច្ចការពាក់ព័ន្ធដួទៃទៀត ដែលជាមូលដ្ឋានគ្រឹះត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ឱ្យទទួលបានជោគជ័យ។

សម្តេចពិជ័យ បានមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៏ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោកយល់ដឹកពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងបន្ថែមទៀត តាមរយៈនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេលលេញ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសូងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់បន្ថែមថា «តាមការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជាប្រចាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែជំរុញ និងរំឭកដាស់តឿនឱ្យយើងទាំងអស់ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លាចូលរួមរាប់ថយក្រោយ ដើម្បីជាការរំឭកឱ្យប្រតិបត្តិកររៀបចំទាំងអស់ប្រុងប្រយ័ត្ន និងពិនិត្យវាយតម្លៃការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»

លោករដ្ឋមន្រ្តីបន្តទៀតថា «ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានធ្វើឱ្យដំណើរការត្រៀមរៀបចំមានវឌ្ឍនភាពល្អប្រសើរ និងសម្រេចបានគោលការណ៍ធំៗចម្បងៗជាច្រើន ហើយដំណើរការអនុវត្តក៏កំពុងមមាញឹក និងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ដើម្បីធានានូវប្រសិទ្ធភាពនៃគោលដៅចង់បានចុងក្រោយរបស់យើង» ។ ចំពោះបញ្ហាសេសសល់ គ្រប់ភាគីពាក់ព័ន្ធត្រវចូលរួម ឱ្យបានខ្លាំងក្លាបន្ថែមទៀត និងដោះស្រាយឱ្យបានចប់សព្វគ្រប់ ទើបដំណើរអំឡុងពេលព្រឹត្តិការណ៍ប្រព្រឹត្តិទៅបានរលូន។

បញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺនឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអាគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕