(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta Platform Inc បានបើកដំណើរការសេវាកម្ម បង់ប្រាក់ (Subscription Service) ជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Facebook និង Instagram ទាំងអស់បង់ប្រាក់ដើម្បីទទួលបានការផ្ទៀងផ្ទាត់ ឬ Meta Verified ដូចគ្នាទៅនឹង Twitter ដែលគ្រប់គ្រងដោយកំពូលមហាសេដ្ឋី Elon Musk។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

សេវាកម្ម Meta Verified ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកជាលើកដំបូងនេះ នឹងមានសម្រាប់តែអ្នកប្រើលេខសម្គាល់រដ្ឋាភិបាលប៉ុណ្ណោះ។ ចំពោះតម្លៃក្នុងការទទួលបានសញ្ញាធីកពណ៌ខៀវនេះនឹងមានតម្លៃ ១១.៩៩ដុល្លារសម្រាប់ប្រើនៅលើ Website និងតម្លៃ ១៤.៩៩ដុល្លារក្នុងមួយខែសម្រាប់ប្រព័ន្ធ iOS របស់ Apple និង Android ដែលគ្រប់គ្រងដោយ Google។

គួរបញ្ជាក់ដែរថា គម្រោង Meta Verified របស់ Meta ត្រូវបានដាក់ប្រើប្រាស់សាកល្បងត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ នឹងសម្រេចចេញជាផ្លូវការនៅថ្ងៃសុក្រម្សិលមិញនេះ។ ខណៈកិច្ចខិតខំប្រឹងប្រែងត្រូវបានគេឱ្យដឹងថា ដូចគ្នាទៅនឹងគម្រោងរបស់ Twitter, Telegram និង Snap Inc ជាដើមក្នុងគោលបំណងរក្សាសុវត្ថិភាព និងបង្កើនប្រាក់ចំណូលបានថែមមួយកម្រិតទៀត៕