(ម៉ុងតេវីដេអូ)៖ ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Darwin Nunez បានត្រូវបានដកចេញពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ សម្រាប់ការប្រកួតមិត្តភាពខាងមុខ របស់ពួកគេ, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ ដំបូងឡើយ ត្រូវបានដាក់បញ្ចូលក្នុងក្រុមអ៊ុយរូហ្គាយ សម្រាប់ការប្រកួតប៉ះជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី២៤ និងថ្ងៃទី២៨ ខែមីនា ដាច់ដោយឡែកពីគ្នា។

យ៉ាងណាមិញ, សមាគមបាល់ទាត់អ៊ុយរូហ្គាយ និងក្លិប Liverpool បានប្រកាសដូចគ្នា នៅថ្ងៃសុក្រថា Nunez នឹងមិនមានវត្តមាន ជាមួយមិត្តរួមក្រុម នៃក្រុមជម្រើសរបស់លោកនោះទេ។

យោងតាមរបាយការណ៍ពីអ៊ុយរូហ្គាយ បានឲ្យដឹងថា អតីតកីឡាកររបស់ក្លិប Benfica រូបនេះ បាននឹងកំពុងជាសះស្បើយ ពីបញ្ហាកជើង ដែលបានរងរបួស នៅក្នុងការប្រកួតចាញ់១-០ កាលពីថ្ងៃពុធ ក្រោមថ្វីជើងក្រុម Real Madrid។

អ៊ុយរូហ្គាយ បានកោះហៅខ្សែប្រយុទ្ធលេងនៅក្លិបម៉ិកស៊ិក Club America កីឡាករ Jonathan Rodriguez ដើម្បីជំនួសកីឡាករ Nunez៕