(ភ្នំពេញ)៖ ជាទូទៅ ទំនាក់ទំនងការងាររវាងនិយោជក និងកម្មករនិយោជិតដែលកើតឡើងតាមរយៈកិច្ចសន្យាការងារ ត្រូវគ្រប់គ្រងដោយច្បាប់ស្ដីពីការងារ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធទាំងអស់ ។ ប៉ុន្តែជាទូទៅយើងមើលឃើញថា គោលការណ៍មួយចំនួនដែលមានចែងនៅក្នុងច្បាប់ការងារ ឬបទដ្ឋានគតិយុត្តពាក់ព័ន្ធ ហាក់មានភាពទូលាយ ឬទូទៅ ដែលអាចនាំឱ្យមានការបកស្រាយផ្សេងៗគ្នា ពិបាកដល់អ្នកអនុវត្តការងារ ។

ហេតុនេះហើយ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តវិធាននានាចំពោះកម្មករនិយោជិតឱ្យសមស្របទៅតាមស្ថានភាពរបស់សហគ្រាស គ្រឹះស្ថាននីមួយៗ និយោជកចាំបាច់ត្រូវបង្កើតបទបញ្ជាផ្ទៃក្នុងទៅតាមបែបបទគ្រប់គ្រងរបស់ខ្លួន ដោយគោរពតាមច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ។

តើអ្វីទៅជាបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ? ហេតុអ្វីបានជាយើងចាំបាច់ត្រូវបង្កើតបទបញ្ជាផ្ទៃក្នុង ? ហើយត្រូវធ្វើដូចម្ដេចដើម្បីឱ្យបទបញ្ជាផ្ទៃក្នុងត្រឹមត្រូវស្របតាមច្បាប់ ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ។

ច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យនិយោជកនៃសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ការងារ និងបានប្រើប្រាស់កម្មករនិយោជិតចាប់ពី ៨ (ប្រាំបី) នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចរៀបចំឱ្យមានបទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស គ្រឹះស្ថានរបស់ខ្លួន ។ ជាទូទៅបទបញ្ជាផ្ទៃក្នុង គឺជាវិធានផ្ទៃក្នុងមួយប្រភេទរបស់សហគ្រាស គ្រឹះស្ថាននីមួយៗ ដែលបានកំណត់ពីវិធានគ្រប់គ្រង បែបបទបំពេញការងារ ក៏ដូចជាវិធានការណ៍វិន័យចំពោះកម្មករនិយោជិតដែលបានប្រព្រឹត្តកំហុសក្នុងការបំពេញការងាររបស់ខ្លួន ។

ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបង្កើតបទបញ្ជាផ្ទៃក្នុង តាមរយៈមាត្រា ២៣ នៃច្បាប់ការងារ បានណែនាំនូវចំណុចមួយចំនួនដែលគួរតែត្រូវបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចេញសេចក្ដីជូនដំណឹងកំណត់អំពីគំរូនៃបទបញ្ជាផ្ទៃក្នុងផងដែរ ។

ជាទូទៅ ចំណុចដែលគួរតែត្រូវបានបញ្ចូលទៅក្នុងបទបញ្ជាផ្ទៃក្នុងមានដូចជា ៖
* លក្ខខណ្ឌនៃការទទួលឱ្យចូលធ្វើការ
* ការពណ៌នាអំពីការងារ
* ប្រាក់ឈ្នួល ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗ
* ម៉ោងបំពេញការងារ
* ម៉ោងសម្រាក និងការឈប់សម្រាកនានា
* វិធានការសន្តិសុខ សុខភាព និងអនាម័យ
* សិទ្ធិ និងកាតព្វកិច្ចរបស់កម្មករនិយោជិត
* បែបបទបំពេញការងារផ្សេងៗស្របតាមស្ថានភាពសហគ្រាស គ្រឹះស្ថាន
* ទោសវិន័យចំពោះកម្មករនិយោជិត ជាអាទិ៍ ។

ជាគោលការណ៍បន្ទាប់ពីបានបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស គ្រឹះស្ថានរបស់ខ្លួនហើយ និយោជកមានកាតព្វកិច្ចយកបទបញ្ជាផ្ទៃក្នុងនោះទៅចុះទិដ្ឋាការនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ម៉្យាងវិញដើម្បីជាភាពងាយស្រួល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងដាក់ឱ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ LACMS» និងបានដំណើរការឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ ចំណុចនេះបានជួយសម្រួលច្រើនដល់ការបំពេញបែបបទចុះទិដ្ឋាការ ដោយតាមរយៈប្រព័ន្ធ LACMS និយោជកអាចធ្វើការចុះទិដ្ឋាការលើបទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស គ្រឹះស្ថាន របស់ខ្លួនបានដោយងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែបំពេញព័ត៌មាន និងឯកសារតម្រូវដែលក្រសួងបានកំណត់ ។

តាមរយៈប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់អំពីសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងនោះការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស តម្រូវឱ្យបង់សេវាសាធារណៈ ចំនួន ៦០០.០០០ រៀល ហើយរយៈពេលផ្ដល់សេវាអតិបរមាចំនួន ៦០ ថ្ងៃ ។ ក្នុងករណីព័ត៌មាន និងឯកសារតម្រូវសម្រាប់ការស្នើសុំមានភាពត្រឹមត្រូវហើយ និយោជកនឹងទទួលបានបទបញ្ជាផ្ទៃក្នុងដែលបានចុះទិដ្ឋាការក្នុងទម្រង់ឌីជីថល ដើម្បីយកទៅប្រើប្រាស់ ។ ជាទូទៅបន្ទាប់ពីបានចុះទិដ្ឋាការរួច និយោជកត្រូវយកបទបញ្ជាផ្ទៃក្នុងនោះទៅផ្សព្វផ្សាយ និងបិទនៅទីកន្លែងណាមួយដែលសមរម្យ ដើម្បីឱ្យកម្មករនិយោជិតទាំងអស់អាចមើលបាន ។

សរុបមក បទបញ្ជាផ្ទៃក្នុង គឺជាវិធានសម្រាប់គ្រប់គ្រងដល់ដំណើរការទូទៅរបស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ការងារ ។ ជាទូទៅក្រៅពីការបង្កើតបទបញ្ជាផ្ទៃក្នុង និយោជកត្រូវយកបទបញ្ជាផ្ទៃក្នុងទៅចុះទិដ្ឋាការស្របតាមការកំណត់របស់ក្រសួង តាមរយៈការស្នើសុំនៅក្នុង “ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ LACMS” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវបំពេញរាល់បែបបទនៃការស្នើសុំ ព្រមទាំងបង់សេវាសាធារណៈដែលបានកំណត់ដោយក្រសួង ៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៉ីអាយស៉ី (CIC) លេខ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected], គេហទំព័រ៖www.ciclf.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm