(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់ «ពាន់រង្វាន់យុវជនស្រុកតាំងគោក» ចង់ឱ្យយុវជនគ្រប់រូបបង្កើនសាមគ្គីភាព មិត្តភាព មានទំនាក់ទំនងល្អរវាងគ្នា និងគ្នា ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា នៅតាមឃុំស្រុកនីមួយៗ ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ នៅក្នុងសហគមន៍។

ព្រឹត្តិការណ៍កីឡា «ពាន់រង្វាន់យុវជនស្រុកតាំងគោក» បានបើកជាផ្លូវការនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមវត្តមានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដោយការប្រកួតកីឡាគូខ្វែងគ្នារវាងក្រុមយុវជនឃុំទ្រៀល និងឃុំច្រនាង នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក។

លោក ហាក់ ម៉ុងហួត បានបន្តថា ព្រឹត្តិការណ៍កីឡានេះ នឹងធ្វើឱ្យយុវជនរស់នៅក្នុងសុខសន្តិភាព សុវត្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ ចង់ឱ្យប្អូនៗជាយុវជនទាំងអស់ចៀសឱ្យឆ្ងាយពីគ្រឿងញៀននិងចង់លើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ត្រូវខិតខំប្រឹងប្រែងធ្វើឱ្យបានល្អដើម្បីពង្រឹងសមត្ថភាពឈានទៅសម្រេចតាមបំណងក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ ក៏ដូចជាដើម្បីឱ្យក្លាយទៅជាកីឡាករល្អនៅតាមបណ្ដាស្រុក និងជម្រើសជាតិផងដែរ។

លោក ហាក់ ម៉ុងហួត បានថ្លែងថា ចាប់ផ្តើមចេញពីកត្តាសាមគ្គីភាពគ្នាល្អទើបការងាររបស់យើងទទួលបានជោគជ័យ។ ការប្រកួតនៅរសៀលនេះ គឺជាការប្រកួតខ្វែងដើម្បីយកក្រុមឈ្នះ ទៅប្រកួតយកលេខ១ ដែលត្រូវជួបជាមួយក្រុមយុវជនឃុំសូយោងដែលឈរក្នុងពូលរង់ចាំ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ការប្រកួតកីឡានេះមានគោលបំណងចង់ឱ្យយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែង លើកស្ទួយវិស័យកីឡាជាតិរបស់យើងឈានទៅពង្រឹង និងពង្រីកបានទាំងផ្នែកបរិមាណ និងគុណភាពប្រកបដោយថាមពលដោយឈរលើមូលដ្ឋាន នៃយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយជាតិស្របទៅនឹងការរៀបចំដាក់ពាក្យស្លោកអបអរសាទរយុទ្ធនាការចលនាប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីឱ្យប្រជាជនគ្រប់រូបចូលរួមស្រឡាញ់ចូលចិត្តគាំទ្រ និងលេងកីឡា ទទួលបានសុខភាពល្អ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះចាប់ផ្តើមបើកប្រកួតពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ និងធ្វើការប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ហើយមកដល់ពេលនេះ គឺការប្រកួតវគ្គ ៤ក្រុមចុងក្រោយ ដោយលទ្ធផលយុវជនឃុំសូយោង៤ ទល់និងយុវជនស្វាយភ្លើង១ យុវជនឃុំទ្រៀល១ ទល់នឹងយុវជនឃុំច្រនាង (០)។

ដូចនេះវគ្គផ្តាច់ព្រ័ត គឺយុវជនឃុំសូយោងត្រូវប៉ះ និងយុវជនឃុំទ្រៀល ដើម្បីដណ្តើមយកលេង១ និងលេខ២ រីឯយុវជនឃុំច្រនាង ប៉ះ យុវជនឃុំស្វាយភ្លើង យកលេង៣ និងលេខ៤។

ក្រុមបាល់ទាត់មាន៨ក្រុម ចែកជា២ពូល គឺពូល A មាន៖ យុវជនឃុំសូយោង, យុវជនឃុំច្រនាង, យុវជនឃុំពង្រ, យុវជនឃុំស្រឡៅ, ពូល B មាន៖ យុវជនឃុំទ្រៀល, យុវជនឃុំស្វាយភ្លើង, យុវជនជ្រលង និងយុវជនអណ្តូងពោធិ៍៕