(បរទេស)៖ ប្រទេសស្កុតឡេនសម្រេចបិទកម្មវិធីកម្សាន្ត TikTok នៅលើស្មាតហ្វូន និងឧបករណ៍ទាំងអស់របស់សភាស្កុតឡេន ជុំវិញការព្រួយបារម្មអំពីសុវត្ថិភាពអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីសារព័ត៌មាន Sky News បានរាយការណ៍មកថា សមាជិកសភា និងបុគ្គលិករដ្ឋាភិបាលស្កុតឡេនត្រូវបានណែនាំ «ដាច់ខាត» ឱ្យលុបកម្មវិធី TikTok ចេញពីឧបករណ៍ផ្ទាល់ខ្លួនដែលមានពាក់ព័ន្ធនឹងការចូលប្រើប្រាស់ប្រព័ន្ធ IT របស់សភាស្កុតឡេន។ នេះជាជំហរបន្ទាប់របស់ប្រទេសសហភាពអឺរ៉ុបដែលបានកាត់ផ្តាច់ការប្រើប្រាស់ TikTok នៅលើឧបករណ៍រដ្ឋាភិបាល ពោលគឺព្រួយបារម្មថា ទិន្នន័យអ្នកប្រើប្រាស់លោកខាងលិចអាចនឹងធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាលប្រទេសចិន តាមរយៈក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance។

គួរបញ្ជាក់ដែរថា ក្នុងសប្តាហ៍នេះបណ្តាប្រទេសសហភាពអឺរ៉ុបចំនួន ២បានសម្រេចបិទកម្មវិធី TikTok នៅលើឧបករណ៍សភាតែម្តង គិតមកទល់ពេលនេះប្រទេសដែលប្រឆាំងនឹង TikTok រួមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា នូវែលសេឡង់ និងប្រទេសសហភាពអឺរ៉ុបមួយចំនួនទៀតកំពុងបង្កើនការផាកពិន័យ ហើយអាចនឹងឈានដល់ការបិទនៅពេលខាងមុខទៀត ប្រសិនបើ TikTok ផ្តាច់ខ្លួនពី ByteDance យឺតពេល៕