(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិតរបស់អាឡឺម៉ង់ Mercedes-Benz គ្រោងវិនិយោគប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរោងចក្រនៅទីតាំងចំនួន ៣របស់ខ្លួនរួមមាន ប្រទេសចិន អាល្លឺម៉ង់ និងហុងគ្រីសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សហភាពអឺរ៉ុបបានកំណត់គោលដៅសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅក្នុងប្រទេសរបស់ខ្លួន ជុំវិញការកាត់បន្ថយការផលិតរថយន្តដែលប្រើប្រាស់សាំង និងព្យាយាមកាត់ផ្តាច់ការដាក់លក់រថយន្តប្រភេទនេះគិតត្រឹមឆ្នាំ២០៣៥ ខាងមុខ។ ជាមួយនឹងគោលការណ៍ថ្មីនេះ Mercedes បានលើកឡើងថា ខ្លួននឹងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់រថយន្តអគ្គិសនីនៅចុងទសវត្សរ៍នេះ ដែលលក្ខខណ្ឌទីផ្សារអនុញ្ញាត។

ប្រធានគ្រប់គ្រងផលិតកម្មលោក Joerg Burzer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Mercedes នឹងវិនិយោគចំនួន បីខ្ទង់លាន (three-digit million) ក្នុងមួយរោងចក្រ ខណៈការវិនិយោគទាំងនេះនឹងធ្វើឡើងនៅរោងចក្រទីក្រុងប៉េកាំងប្រទេសចិន ទីក្រុង Rastatt ប្រទេសអាល្លឺម៉ង និងទីក្រុង Kecskemet ប្រទេសហុងគ្រី។

តែយ៉ាងណាជុំការប្រកាសគ្រោងវិនិយោគនេះនៅមិនទាន់ទទួលបានការបញ្ជាក់លម្អិតនៅឡើយនោះទេថា Mercedes នឹងវិនិយោគជាប្រាក់សរុបចំនួនប៉ុន្មាន ប៉ុន្តែក្រុមហ៊ុនបានបង្ហើបថា នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅរោងចក្រ Rastatt ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងចាប់ផ្តើមផលិតម៉ូដែលដំបូងនៃរថយន្តធុនតូច MMA ចាប់ពីឆ្នាំ២០២៤ ខាងមុខនេះតទៅ៕