(ភ្នំពេញ)៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០-២០​ មីនា ២០២៣) នៅបរិវេណរ៉ូយ៉ាល់ផ្លាហ្សា ផ្សារទំនើបអ៉ីអនម៉លមានជ័យ (អ៉ីអន៣)។

កម្មវិធីតាំងពិពណ៌ប្រាក់រៀលនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ផ្សព្វផ្សាយប្រព័ន្ធបាគង និងយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជនទូទៅ។

ការរៀបចំខួបលើកទី៤៣ នៃទិវាប្រាក់រៀលនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ។

បន្ថែមពីនេះទៀត អិលអូអិលស៊ី ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ហើយរឹតតែមានមោទកភាពដែលបានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការដាក់ឱ្យចរាចរឡើងវិញក្នុងរយៈពេល៤៣ឆ្នាំមកនេះ។ ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ ជារូបិយបណ្ណជាតិដែលតំណាង និងផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិ បង្ហាញពីអធិបតេយ្យភាពផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យរឹងមាំ។

ជាងនេះទៅទៀត អិលអូអិលស៊ី បានប្តេជ្ញាបន្តលើកស្ទួយប្រាក់រៀលខ្មែរឱ្យមានសកម្មភាពសកម្មថែមទៀត តាមរយៈការបន្តផ្តល់ឥណទានជាប្រាក់រៀលជូនអតិថិជនជាមួយអត្រាការប្រាក់ទាបសមរម្យ​ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ សម្រាប់គណនីបញ្ញើជាប្រាក់រៀល និងពង្រឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលធានាបានភាពរីកចម្រើនខ្ពស់ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់និងឧបករណ៍គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាដូចជា ប្រព័ន្ធបាគង និងប្រព័ន្ធសេវាទូទាត់រហ័ស (Fast Payment) ជាដើម។

បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖

* ទ្រព្យសកម្មសរុបប្រមាណ១.៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង២២% ធៀបនឹងឆ្នាំ២០២១។
* ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង១.៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ២១% ធៀបនឹងឆ្នាំ២០២១។
* សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦៧ លានដុល្លារអាមេរិក ដែលកើនឡើង៣២% ធៀបនឹងឆ្នាំ២០២១។
* បុគ្គលិកសរុបមានចំនួនជាង៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ៣៤ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ៥២ ម៉ឺននាក់៕