(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយស្ថាពរ តំណែងជើងឯកបានទៅលើក្រុមក្រសួងសាធារណៈការ និងដឹកជញ្ជូន បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ, គ្រាដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ទទួលបានចំណាត់ថ្នាក់លេខ៣។

ឯកឧត្តម សុខ សប្បាយណា ជាប្រធានគណៈកម្មការរៀបចំការប្រកួត បានមានប្រសាសន៍ថា សម្រាប់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ត្រូវបានរៀបចំឡើង ៨លើកមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៣ មានក្រុមចូលរួមចំនួន ៩តែបណ្ណោះ, រហូតដល់លើកទី៨ មានការចូលរួមចំនួន ៣០ក្រុម ដោយមានកីឡាករសរុប ៧៥០រូប មានទម្រង់លេង ១១នាក់ទល់១១នាក់ ការប្រកួតបែងចែកជា៨ពូល ស្មើនិង ៥៨ប្រកួត មានរយះពេល ២ខែនិង ២៥ថ្ងៃ។

ស្ថិតក្នុងពិធីបិទការប្រកួតពានមិត្តភាពអន្តរក្រសួង-ស្ថាប័ននេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការកោតសរសើរខ្លាំងចំពោះក្រុមការងារគណះកម្មាធិការកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី៨ រដូវកាលឆ្នាំ២០២៣ ដែលបានរៀបចំដោយជោគជ័យ ដល់វគ្គផ្តាច់ព្រ័ត្រ។

ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលបានបញ្ជូនក្រុមកីឡាកររបស់ខ្លួនចូលរួមក្នុងការប្រកួតនេះ និងសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដៃគូរសហការ ក្រុមហ៊ុនចូលរួមឧបត្ថមភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកិច្ចសហការរៀបចំ និងជួយឧបត្ថមទាំង បច្ចេកទេស និងហិរញវត្ថុ ដែលធ្វើអោយព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូនចាប់តាំងពីការចាប់ផ្តើមរហូតមក។

ឯកឧត្តមប្រធាន បន្តទៀតថា «ជាក់ស្តែងយើងសង្កេតឃើញថា ទោះបីជាមានការខកខានការរៀបចំប្រមាន ២ឆ្នាំចុងក្រោយនេះ ដោយសារតែវិបាត់ជំងឺកូវីដ១៩ក៏ពិតមែន តែការចាប់ផ្តើមរៀបចំឡើងវិញ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន នៅតែបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាករ អ្នកចូលរួមប្រកួត និងក្រសួងស្ថាប័ននានាដដែល៕