(ភ្នំពេញ)៖ កម្មវិធី Turing Hackathon រដូវកាលទី៤ បានបញ្ចប់ទៅយ៉ាងរលូន ដោយទឹកប្រាក់រង្វាន់សរុបចំនួន ១១ លានរៀលត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភី។

ថ្ងៃបទបង្ហាញជាសាធារណៈ ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីបានប្រព្រឹត្តិទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមអធិបតីភាពបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងភ្ញៀវកិត្តិយសជាច្រើនទៀត។

កម្មវិធី Turing Hackathon រដូវកាលទី ៤ បានទទួលការដាក់ពាក្យស្នើសុំចំនួន ៤៦ ដោយមានបេក្ខជនសរុបចំនួន ១០៤ នាក់។ ក្រោយការសម្រាំងលើកដំបូង, បេក្ខជនចំនួន ១៨ ក្រុមបានឈានចូលដល់វគ្គបន្ត និងបានធ្វើការសហការគ្នាយ៉ាង សស្រាក់សស្រាំក្នុងការធ្វើការតេស្ដសាកល្បង លើគំនិតអាជីវកម្មរបស់ខ្លួន និងរៀបចំការធ្វើបទបង្ហាញ។
យ៉ាងណាមិញ បន្ទាប់ពីការធ្វើបទបង្ហាញនៅក្នុង Progress Pitch, ក្នុងចំណោមបេក្ខជន ១៨ ក្រុម មានតែក្រុមចំនួន ១០ ប៉ុណ្ណោះដែលមានឱកាសក្នុងការធ្វើបទបង្ហាញក្នុងវគ្គផ្តាច់ព្រ័ត្រទៅកាន់គណៈកម្មការទាំង ៥ រូបរួមមាន លោកស្រី គឹម ដាវីន ដែលជាជំនាញការខាងបណ្តុះធុរកិច្ចថ្មីនិងនវានុវត្តន៌នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, កញ្ញា ជិន សូនីតា ដែលជាអ្នកគ្រប់គ្រងគម្រោងធុរកិច្ចនៃ EnergyLab Cambodia, លោក ទីន កូលហ្សា ដែលជានាយកប្រតិបត្តិ និងជាអ្នកដឹកនាំរចនា UX/UI នៃ Coolbeans Digital, លោក អ៊ុក កែវវិជ្ជា ដែលជាអ្នកបណ្ដុះបណ្ដាលផ្នែក STEM និង Design thinking នៃមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា និងលោក ទុំ សេរីវឌ្ឍនា ដែលជាអ្នកដឹកនាំគម្រោងប្លក់ឆេននៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។

ក្រោយពីការវាយតម្លៃដាក់ពិន្ទុនៅក្នុងវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការសម្រេចផ្តល់ជ័យលាភីទៅកាន់ក្រុមចំនួន ៣ និងផ្តល់ជារង្វាន់កិត្តិយសទៅកាន់ក្រុម ២ ផ្សេងទៀតផងដែរ។ ជ័យលាភីទី ១ ត្រូវបានប្រគល់ជូនក្រុម Hobbies ជាមួយទឹកប្រាក់ ៤ លានរៀល, ជ័យលាភីទី ២ ត្រូវបានប្រគល់ជូនក្រុម Chmam-Info ជាមួយទឹកប្រាក់ ៣ លានរៀល និងជ័យលាភីទី ៣ ត្រូវបានប្រគល់ជូនក្រុម TamDan ជាមួយទឹកប្រាក់ ២ លានរៀល។ ដោយឡែកក្រុម AET-JAY និងក្រុម KON បានទទួលនូវរង្វាន់កិត្តិយស ដោយក្រុមនីមួយៗទទួលបានថវិកា ១ លានរៀលផងដែរ។

កម្មវិធី Turing Hackathon រដូវកាលទី ៤ បានត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ផ្នែកបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ បេក្ខជនក្នុងកម្មវិធីបាន ធ្វើការប្រកួតប្រជែងគំនិតអាជីវកម្ម និងបានបង្កើតដំណោះស្រាយឌីជីថលដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងសក្តានុពលសម្រាប់ភាពជោគជ័យរបស់ខ្លួន ដូច្នេះយើងមានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ប្រភេទនេះនឹងជម្រុញឱ្យមានការអភិវឌ្ឍក្នុងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

កម្មវិធី Turing Hackathon រដូវកាលទី ៤ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, និងសហការរៀបចំកម្មវិធីដោយ សហគ្រិនខ្មែរ។ ដៃគូផ្តល់ជាចំណេះដឹង៖ iDE Innovation Lab៕