(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ «ដាណា ទ្រី» និងជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី នៅក្នុងពិធីក្រុងពាលីសង្ក្រាន អិន អិន ភី (NNP) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានប្រកាសថា នៅថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ និងធំសម្បើមមួយ នោះគឺសង្ក្រាន NNP។ ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានសម្រាប់ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ហើយក៏ជាលើកទីមួយផងដែរ។

បើតាមការបញ្ជាក់ឲ្យដឹងពី ឧកញ៉ា ទ្រី ដាណា, សង្ក្រាន NNP រយៈពេល៣ថ្ងៃ គឺមានការសម្តែងសិល្បៈចម្រុះទាំងបុរាណ-សម័យ និងការរាំលេងកម្សាន្តសប្បាយពីកំពូលតារាល្បីៗនៅកម្ពុជា, មានការថតរូបជាមួយសិល្បករ សិល្បការិនី ល្ខោនខោល ល្បក្កតោ គុនខ្មែរ ដើម្បីទុកជាអនុស្សាវរីយ៍ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តី និងកម្វមិធីសប្បាយៗជាច្រើនទៀត។

ឧកញ៉ា ទ្រី ដាណា បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីម៉ោង១០ព្រឹក ថ្ងៃទី១ បើបងប្អូនចូលមកលេងគឺមានការថតរូបជាមួយសិល្បករ សិល្បការិនី ល្ខោនខោល ល្បក្កតោ គុនខ្មែរ ឈររង់ចាំដើម្បីទុកជាអនុស្សាវរីយ៍ ហើយចង់ឲ្យក្មួយៗជំនាន់ក្រោយទាំងអស់ ចូលមកលេងចាប់អារម្មណ៍ ចាប់អារម្មណ៍ត្រង់ថា មានការស្លៀកពាក់ជំនាន់មុនៗ។ ក្រៅពីហ្នឹងក៏មានការរាំលេងកម្សាន្ត បាញ់ទឹក អ្វីដែលសំខាន់ខ្ញុំចេង់ឲ្យបងប្អូន បានស្គាល់ និងដឹងពីភាពអស្ចារ្យរបស់ខ្មែរ មានដូចជាវប្បធម៌ ក្បាច់គុនជាដើម។ ខ្ញុំចង់ឲ្យពួកគាត់បានស្គាល់សង្ក្រាន NNP គឺគាត់នឹកឃើញពីព្រឹត្តិការណ៍ដ៏អស្ចារ្យហ្នឹង ចង់ឲ្យមានការចង់ចាំសង្ក្រាន NNP បូកផ្សំទាំងអស់ មានទាំងវប្បធម៌ និងការបង្ហាញអ្វីដែលជារបស់ខ្មែរ»

ថ្លែងប្រាប់អ្នកសារព័ត៌មាន ម្ចាស់ហាងមាសពេជ្រ «ដាណា ទ្រី» រូបនេះ ក៏បានបង្ហាញពីឆន្ទៈថា ការបង្កើតសង្ក្រាន NNP នាពេលនេះ គោលបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទទួលបានភាពសប្បាយរីករាយ និងស្នាមញញឹម ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល និងទុកជាការចង់ចាំមួយដ៏ល្អ ជាពិសេសគឺរៀបចំសង្ក្រាន NNP នាពេលនេះ ដើម្បីអបអរសាទរស្វាគមន៍ទេវតាឆ្នាំថ្មី សុំសិរីសួស្តី និងសុំសេចក្តីសុខជូនបងប្អូនប្រជាបលរដ្ឋខ្មែរទូទាំងប្រទេស។

បន្ថែមពីនេះ ឧកញ៉ា ទ្រី ដាណា បានបង្ហាញជាការរំពឹងទុកថា សង្ក្រាន NNP នឹងមានបងប្អូនអញ្ជើញមកចូលរួមលេងយ៉ាងច្រើនកុះករ ហើយទទួលបានភាពសប្បាយរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ឧកញ៉ា ទ្រី ដាណា ថាបើសង្ក្រាន NNP ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរៀបចំធ្វើជារៀងរាល់ឆ្នាំទៀត បើទោះបីជាត្រូវចំណាយថវិកាផ្ទាល់ខ្លួនអស់សែនដុល្លារក៏ដោយ អ្វីដែលសំខាន់គឺការទទួលបានមកវិញនូវស្នាមញញឹម របស់ពុកម៉ែបងប្អូន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

សូមបញ្ជាក់ថា ឧកញ៉ា ទ្រី ដាណា គឺជាបុគ្គលឆ្នើម១រូប និងជាអ្នកជំនួញដ៏ល្បីម្នាក់ននៅកម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន បច្ចុប្បន្ន ឧកញ៉ា ទ្រី ដាណា មានជំនួញជាច្រើននៅក្នុងដៃ ក្នុងនោះរួមមាន ហាងពេជ្រដាណា ទ្រី កំពុងបើកដំណើរការនៅកម្ពុជា ចំនួន២សាខា សាខាទី១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, សាខាទី២ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ១ ហួសច្រកចូលបុរីប៉េងហួតបឹងស្នោរបន្តិច ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយ ឧកញ៉ា ទ្រី ដាណា ក៏ជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខ គ្រឿងសំអាងជាច្រើនមុខដែលមានរហូតដល់៣ប្រេន ក្នុងនោះ មានប្រេន NNP CTM និង NUNA៕