(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឯកឧត្តម អ៊ូ រតនា បានលើកឡើងថា សម្រាប់ការរៀបចំឲ្យមានព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) ខាងមុខននេះ រៀបចំឡើងដើម្បីវាស់កម្ពស់សមត្ថភាពរបស់អត្តពលិកសហព័ន្ធ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣, ដែលការលើកឡើងនេះ ស្ថិតក្នុងពិធីទទួលបានការឧបត្ថម្ភស្បែកកីឡាពីក្រុមហ៊ុន ខេន ស្ព័ត ស៊ូ ខូអិលធីឌី នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) ដែលធ្វើទៅបានក៏ដោយមានការចូលរួមសហការណ៍ សម្របសម្រួល និងឧបត្ថម្ភទាំងស្រុងពី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម CAMSOC នឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលមាន ៧ប្រទេសចូលរួម ខណៈសហព័ន្ធបានត្រៀមអត្តពលិក ២៧រូបចូលរួមប្រកួត ចាប់ផ្តើមពីថ្ងៃទី២៥-៣០ ខែមីនាខាងមុខនេះ។

លោកបន្តថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នេះធ្វើឡើង គឺដើម្បីត្រួតពិនិត្យក្នុងនាមជាអ្នកបច្ចេកទេសរបស់សហព័ន្ធ ត្រួតពិនិត្យមើលកីឡាករ-កីឡាការិនីណាមួយអាចលេងបានកម្រិតយ៉ាងខ្លះ ហើយបើសិនជាធ្វើបានលទ្ធផលល្អ និងជម្រុញគាត់ថែមទៀត ដើម្បីចូលប្រកួតស៊ីហ្គេម តែមិនធ្វើបានលទ្ធផលល្អទេ គឺនិងធ្វើការដោះដូរ ដោយមានកីឡាករបម្រុង នឹងកីឡាករត្រៀម ព្រោះថាកីឡាវ៉ូវីណាម ពេលនេះមិនដូច ១០ឆ្នាំមុនដែលមិនមានកីឡាករត្រៀមនោះទេ។

ប្រធានសហព័ន្ធ ក៏មានក្តីសង្ឃឹមថា អត្តពលិកដែលបានបញ្ជូនចូលរួមប្រកួតដែលមានជាង ៣០នាក់នព គឺសង្ឃឹមថាពួកគាត់នឹងធ្វើបាន ដោយការប្រកួតកម្រិត Championships លើកទី៦ នេះ ក៏បានដាក់វិញ្ញាសាដូច មាននៅស៊ីហ្គេម ដែលមានចំនួន ៣០វិញ្ញាសា ដោយមានវិញ្ញាសាប្រយុទ្ធ ៨ប្រភេទ, វិញ្ញាសាមេគុណ នឹងសម្តែង ២២វិញ្ញាសា ដែលការប្រកួតគឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ និងជាការត្រឹមខ្លួនរបស់អត្តពលិក ក៏ដូចជាគណៈកម្មការបច្ចេកទេស ឲ្យមានលក្ខណៈល្អប្រសើ

លោកបនថា តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី «គឺថាយើងត្រឹមតែចង់បានមេដាមាសស៊ីហ្គេមនោះទេ តែយើងចង់ឲ្យគេទទួលស្គាល់ថា កម្ពុជាធ្វើបាន កម្ពុជាប្រទេសតូច តែបេះដូងធំហ៊ានទទួលធ្វើស៊ីហ្គេម និងបង្ហាញអំពីការអភិវឌ្ឃន៍ ការរើកចម្រើន ត្រឹមការប្រកួត ១០ប្រទេសនៅអាស៊ាន តែការផ្សព្វផ្សាយ គឺពិភពលោក»។

ដោយឡែកសម្រាប់គោលដៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបានដាក់គោលដៅដណ្តើមមេដាយមាស ៩គ្រឿង, ប្រធានសហព័ន្ធដដែលបានគូសបញ្ជាក់ថា «សម្រាប់សហព័ន្ធវ៉ូវីណាមកម្ពុជា បានដាក់គោលដៅជិត ២ឆ្នាំមកហើយ គឺយើងយកមេដាយមាស ៩គ្រឿង រីឯមេដាយប្រាក់ និងសំរិទ្ធ គិតលើសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិក ដែលមានក្រុមអត្តពលិកប្រទេសមីយ៉ាន់ម៉ា ជាគូប្រជែងខ្លាំងមួយបន្ទាប់ពីវៀតណាម ជាម្ចាស់ក្បាច់គុន។

បញ្ជាក់ផងថា សម្រាប់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានទទួលការឧបត្ថម្ភស្បែកជើងកីឡាពីក្រុមហ៊ុន ខេន ស្ព័ត ស៊ូ ខូអិលធីឌី ដែលផ្តល់ជូនទៅកាន់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលត្រៀមប្រកួតស៊ីហ្គេម និងមិនត្រៀមស៊ីហ្គេម ប្រមាណជាង ៤០នាក់ ដែលក្រុមហ៊ុនខេន ស្ព័ត ស៊ូ ខូអិលធីឌី មានទីតាំងនៅខេត្តកំពង់ឆ្នាំង៕